អ្នកជំនាញ៖ បញ្ហាធនាគារមួយចំនួនដួលរលំនៅសហរដ្ឋអាមេរិកនេះ គ្មានពាក់ព័ន្ធទាល់តែសោះ ជាមួយប្រព័ន្ធធនាគារនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

វិបត្តិនៃការដួលរលំធនាគារឯកជនមួយចំនួន ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កំពុងធ្វើឱ្យប្រជាពលរដ្ឋនៅលើពិភពលោកមានការព្រួយបាម្ភ ខ្លាចថានឹងមានឥទ្ធិពលអវិជ្ជមានណាមួយ រាលដាលធ្វើឱ្យប៉ះពាល់មកវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសរបស់ខ្លួន។ប៉ុន្តែនៅកម្ពុជា ត្រូវអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា វិបត្តិនៃការដួលរំលំធនាគារនៅសហរដ្ឋអាមេរិកនេះវាមិនមានផលប៉ះពាល់មកដល់ប្រព័ន្ធធនាគារនៅកម្ពុជានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ចំពោះបញ្ហាដួលរលំធនាគារធំៗរបស់សហរដ្ឋអាមេរិកគឺជាការដួលរំលំនៃវិស័យធនាគារឯកជនផ្ទាល់ខ្លួនវាមិនមែនប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនោះទេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត មានប្រសាសន៍ថា៖ «យើងឃើញថា នៅពេលបច្ចុប្បន្ននេះ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក មិនទាន់ធ្វើអន្តរាគមន៍ណាមួយចូលទៅជួយធនាគារ ដែលបានដួលរលំនៅឡើយទេ។ គេកំពុងតែធ្វើការស៊ើបអង្កេត ហើយមូលហេតុធនាគារទាំងនេះដួលរលំ ព្រោះតែវិបត្តិនៃ Cryptocurrency វាឡើងដល់កម្រិតខ្ពស់ពេកហើយវាជាប់គាំង ។ អុីចឹង កត្តានេះគឺជាមូលហេតុមួយធ្វើឱ្យដួលរលំធនាគារឯកជន វាមិនជាប់ពាក់ព័ន្ធទៅ នឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារធំៗផ្សេងទៀតនោះទេ ។ ម្លោះហើយ បញ្ហាដែលកើតឡើងដោយសារវិបត្តិនៃ Cryptocurrencyវាមិនមានផលប៉ះពាល់មកដល់ប្រព័ន្ធធនាគារនៅកម្ពុជាទេ ខណៈនៅកម្ពុជាយើងមិនបានប្រើប្រាស់ Cryptocurrency»។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា

ផ្ដល់បទសម្ភាសន៍ជាមួយ Oknha News ផ្ទាល់ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា មានប្រសាសន៍ថា បញ្ហាធនាគារមួយចំនួនដួលរលំនៅសហរដ្ឋអាមេរិកនេះ គ្មានពាក់ព័ន្ធទាល់តែសោះ និងប្រព័ន្ធធនាគារនៅកម្ពុជា ព្រោះធនាគារនៅកម្ពុជា ស្ថិតនៅក្រោមច្បាប់និយ័តកម្មស្តីពីការគ្រប់គ្រងធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលមានស្ថាប័នធនាគារជាតិនៃកម្ពុជា ជាអាណាព្យាបាល។ យើងមានបទប្បញ្ញត្តិប្រុងប្រយ័ត្នតឹងរឹង និងរឹងមាំ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅតាមប្បញ្ញត្តិច្បាប់នៃធនាគារជាតិនៃកម្ពុជា។

លោកបណ្ឌិត បញ្ជាក់ថា៖ «អុីចឹងសូមបញ្ជាក់ម្តងទៀតថា ការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាមេរិកនេះ គឺគ្មានពាក់ព័ន្ធជាមួយកម្ពុជាទេ ព្រោះសេវាកម្មធនាគារដែលផ្តល់ជូនពលរដ្ឋនៅពេលសព្វថ្ងៃនេះដូចជា ការប្រមូលប្រាក់បញ្ញើសន្សំ,ប្រាក់កម្ចី និងផ្តល់មធ្យោបាយទូទាត់ ទាំងនេះ ធ្វើនៅតែនៅកម្ពុជាទេ។ អុីចឹង មិនមែនធនាគារនៅក្នុងស្រុកប្រមូលប្រាក់បញ្ញើសន្សំពីក្នុងស្រុកយកទៅធ្វើអាជីវកម្មនៅបរទេស គ្មានទាល់តែសោះ គឺសម្រាប់តែផ្តល់សេវាកម្មនៅកម្ពុជា»។

លោកបណ្ឌិតលើកឡើងថា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី លោកក៏ទើបតែបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាកាលថ្មីៗនេះ ពិតជាមានសារៈសំខាន់ណាស់ គឺជាសេចក្តីអំពាវនាវដ៏ថ្លៃថ្លា ពិសេសអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវតោងគិតថា អ្វីដែលយើងកំពុងតែប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា គឺមានសុវត្ថិភាពខ្ពស់ ស្ថិតនៅក្រោមច្បាប់ដែលគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា ហើយមូលនិធិដែលវិស័យធនាគារ និងហិរញ្ញវត្ថុបានប្រមូលបាន គឺវិនិយោគនៅក្នុងស្រុក មិនបានយកទៅវិនិយោគនៅខាងក្រៅប្រទេសនោះទេ។ ដូចនេះ មិនគួរគម្បីប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនរបស់ធនាគារមានការភ័យព្រួយ។

ជុំវិញការបកស្រាយពីអ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងក្លាយជាប្រធានបទរសើបនេះដែរ អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានថ្លែងអណរគុណទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញមុខមកបកស្រាយ និងបង្ហាញអំពីស្ថានភាពពិតជាក់ស្តែងរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា នៅប៉ុន្មានថ្លៃកន្លងមកនេះយើងឃើញថាសាធារណជនទទួលបានព័ត៌មាន ពីបណ្តាញផ្សព្វផ្សាយនានានៅក្នុងសង្គម ហើយមានប្រជាពលរដ្ឋខ្លះ មានការបារម្ភ ថាតើការដួលរលំធនាគារនៅសហរដ្ឋអាមេរិកនេះ វាអាចដូចទៅនិងឆ្នាំ២០០៨ ដែលវារាលដាលទៅជាវិបត្តិសកលដែរ ឬក៏ទេ?

លោកលើកឡើងថា ការចេញមុខមកធានារបស់សម្តេចតេជោហ៊ុនសែន វាមានតួនាទីសំខាន់ណាស់ដើម្បីសាងនៅទំនុកចិត្តនិងកសាងនៅស្ថិរភាពរបស់វិស័យយើង ពីព្រោះនៅប្រទេសណាក៏ដូចគ្នាទេវិស័យធនាគារ និងហិរញញវត្ថុយើងពឹងច្រើនទៅលើការដាក់បញ្ញើរបស់ប្រជាពលរដ្ឋ អុីចឹងកាលណាប្រជាពលរដ្ឋអត់មានទំនុកចិត្ត ហើយពេលខ្លះគាត់មានការភ័យស្លន់ស្លោរនៅពេលរឿងការពិតវាមិនអាចកើតឡើង វាក៏អាចធ្វើឱ្យប៉ះពាល់អវិជ្ជមានមកលើវិស័យហិរញ្ញវត្ថុដែរ ។ ដូចយើងបានដឹងហើយថា វិស័យហិរញ្ញវត្ថុកាលណាវាប៉ះពាល់ វានឹងរាលដាលទៅដល់វិស័យផ្សេងទៀតដែរ។

លោក កាំង តុងងី បញ្ជាក់ថា៖ «បើយើងមើលឱ្យលម្អិតវិបត្តិនៃការដួលរំលំធនាគារនៅសហរដ្ឋអាមេរិកនេះមិនអាចជះឥទ្ធិពលមកលើវិស័យហិរញ្ញវត្ថុនៅកម្ពុជាបានទេ ដោយសារធនារគារនៅសហរដ្ឋអាមេរិក២ឬ៣ បានដួលរលំនេះ សុទ្ធតែជាប់ពាក់ព័ន្ធជាមួយនិងCryptocurrency ពាក់ព័ន្ធ និងការវិនិយោគស្តុក និងបច្ចេកវិទ្យាជាដើម។ ចំណែកនៅកម្ពុជាCryptocurrency មិនត្រូវបានទទួលស្គាល់ទេ គឺយើងចាត់ទុកថាវាខុសច្បាប់ ហើយដោយឡែកនៅកម្ពុជា ធនាគារអត់អាចវិនិយោគដូចនៅសហរដ្ឋអាមេរិកបានទេ»។

គួររំឭកដែរថា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។

សម្តេចតេជោបញ្ជាក់ថា៖ «ការភ័យស្លន់ស្លោរត់ទៅដក ប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់ប្រយោជន៍ របស់បងប្អូនទៅវិញ ព្រោះតែខាតបង់ការប្រាក់ ដែលព្រមព្រៀងជាមួយធនាគារ។»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា មានភាពរឹងមាំ មិនមានផលប៉ះពាល់អ្វីនោះឡើយ។ អត្ថបទ៖សារេត