សម្តីប៉ុន្មានម៉ាត់របស់ Anant កូនប្រុសមហាសេដ្ឋីមានដាច់គេរបស់ឥណ្ឌា Mukesh Ambani ធ្វើឲ្យឪពុកទប់ទឹកភ្នែកមិនជាប់

អន្តរជាតិ

លោក Anant Ambani ដែលជាក្រុមហ៊ុនរបស់មហាសេដ្ឋីកំពូលប្រទេសឥណ្ឌា លោក Mukesh Ambani កាលពីពេលថ្មីៗនេះ បានឡើងថ្លែងសុន្ទរកថា អំឡុងពេលក្រុមហ៊ុន Reliance Jio Platforms របស់ខ្លួន បានចាប់ផ្តើមបោះផ្សាយលក់ភាគហ៊ុនជាលើកដំបូងនៅក្នុងទីផ្សារហ៊ុនទីក្រុង Mumbai។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលនោះ Anant បានលើកឡើងអំពីភាពជោគជ័យដែលគ្រួសាររបស់លោក បានកសាងឡើងចាប់តាំងពីជំនាន់ដូនតា ដោយគ្មានអ្វីសោះរហូតក្លាយអាណាចក្រអាជីវកម្មដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌា។

មិនតែប៉ុណ្ណោះ Anant ក៏បានបង្ហាញពីការដឹងគុណចំពោះពលរដ្ឋឥណ្ឌាដែលអាចធ្វើឲ្យក្រុមហ៊ុនគ្រួសាររបស់លោក ឈានដល់ដំណាក់កាលថ្មីៗនេះផងដែរ។

យ៉ាងណាមិញ អំឡុងពេលឡើងថ្លែងសុន្ទរកថានោះ​ Anant Ambani បាននិយាយថា៖ “សូមអនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមដោយពាក្យមួយម៉ាត់ដែលមានសារៈសំខាន់បំផុតនៅថ្ងៃនេះ គឺ៖ ការដឹងគុណ។ សូមថ្លែងអំណរគុណដល់មនុស្សរាប់លាននាក់ ដែលបានជឿជាក់លើ Jio និងបានធ្វើឱ្យថ្ងៃនេះអាចកើតឡើងបាន”។

រូបគេបន្តទៀតថា ៖”សំឡេងជួងនៅផ្សារហ៊ុនដែលបន្លឺសម្លេងឡើង សម្រាប់ខ្ញុំវាមិនខុសអ្វីពីសំឡេងជួងនៅក្នុងវត្តអារាមនោះទេ ព្រោះសម្រាប់ខ្ញុំ ការធ្វើអាជីវកម្មគឺប្រៀបបាននឹងការធ្វើពិធីសក្ការៈបូជា (Pooja) ហើយរាល់ពិធីសក្ការៈបូជាតែងតែបញ្ចប់ដោយការចែករំលែកនូវវត្ថុពិសិដ្ឋ ឬអាហារសក្ការៈ (Prasad)។ វត្ថុពិសិដ្ឋទាំងនោះតែងតែត្រូវបានចែករំលែកដល់អ្នកដទៃ។ សម្រាប់ថ្ងៃនេះ Jio ត្រូវបានចែករំលែកជូនដល់ប្រជាជនឥណ្ឌាទាំងមូល”។

Anant បន្ថែមទៀតថា​៖”អ្វីដែលបានបង្ហាញឲ្យឃើញនៅថ្ងៃនេះ អាចនិយាយបានថាសូម្បីតែជនជាតិឥណ្ឌាសាមញ្ញធម្មតាម្នាក់ ក៏អាចហ៊ានមានក្តីសុបិនធ្វើរឿងដ៏អស្ចារ្យមួយបានដែរ”។

ជម្រាបជូនផងដែរថា ក្រោយការលើកឡើងរបស់ Anant នេះបានធ្វើឲ្យលោក Mukesh Ambani ដែលជាឪពុក រំភើបរហូតដល់ទប់ទឹកភ្នែកមិនជាប់ តាមរយៈការមើលឃើញពីភាពជោគជ័យមួយកម្រិតទៀតសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសាររបស់លោកផ្ទាល់៕​

​