ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk ចាប់ផ្តើមជ្រើសរើសបុគ្គលិក ត្រៀមចូលទីផ្សារវៀតណាមលើកដំបូង

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិក Tesla បានប្រកាសជ្រើសរើសបុគ្គលិកសម្រាប់តំណែងផ្នែកគ្រប់គ្រង និងអភិវឌ្ឍគម្រោងចំនួន ៥ នៅក្នុងប្រទេសវៀតណាម ពោលគឺក្រោយជាងមួយខែបន្ទាប់ពីក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ចាប់ផ្តើមបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធផ្លូវការដំបូងនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីប្រកាសមួយ ក្រុមហ៊ុន Tesla នៅវៀតណាមនេះ មានបំណងជ្រើសរើសអ្នកគ្រប់គ្រងផ្នែកលក់, អ្នកគ្រប់គ្រងផ្នែកសេវាកម្ម, ដៃគូធុរកិច្ចផ្នែកធនធានមនុស្ស (HR Business Partner), អ្នកគ្រប់គ្រងផ្នែកលទ្ធកម្ម និងអ្នកអភិវឌ្ឍគម្រោងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម។

យ៉ាងណាមិញ​ សម្រាប់តំណែងផ្នែកគ្រប់គ្រង Tesla បានបញ្ជាក់ថា ខ្លួនកំពុងស្វែងរកបេក្ខជនដែលមានបទពិសោធយ៉ាងតិច ៥ឆ្នាំក្នុងតំណែងស្រដៀងគ្នា មានសមត្ថភាពសម្របខ្លួនទៅនឹងបរិយាកាសការងារដែលមានល្បឿនលឿន និងមានជំនាញដោះស្រាយបញ្ហាបានល្អ ព្រមទាំងមានគុណវុឌ្ឍិវិជ្ជាជីវៈដែលពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ លោក Ricky Ip ដែលជាប្រធានផ្នែកជ្រើសរើសបុគ្គលិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Tesla បានបង្ហោះព័ត៌មានជ្រើសរើសបុគ្គលិកទាំងនេះឡើងវិញនៅលើបណ្តាញ LinkedIn ដោយបញ្ជាក់ថា “Tesla នឹងចូលទៅក្នុងប្រទេសវៀតណាមជាផ្លូវការហើយ”។

ជម្រាបជូនថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សមួយនេះ បានបង្កើតក្រុមហ៊ុន Tesla Motors Vietnam Co. កាលពីពាក់កណ្តាលខែកញ្ញាក្នុងទីក្រុងហូជីមិញ ដោយមានដើមទុនចុះបញ្ជីជាង ៧៧,៦ពាន់លានដុង (ឬស្មើនឹង ៣លានដុល្លារអាមេរិក) និងមានអាជ្ញាប័ណ្ណសម្រាប់ការចែកចាយរថយន្តរបស់ខ្លួន៕​