ទំហំពាណិជ្ជកម្មទំនិញបរទេសរបស់ប្រទេសវៀតណាម បានកើនឡើងលើស ១ទ្រីដុល្លារ នៅឆ្នាំនេះ ដែលជាការសម្រេចបាននូវកំណត់ត្រាថ្មីជាលើកដំបូងបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមអគ្គនាយកដ្ឋានគយបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសវៀតណាម មានតម្លៃ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯការនាំចូលបានកើនឡើង ៣៧,៦% ដល់ជិត ៥០៨ពាន់លានដុល្លារ។
យ៉ាងណាមិញ ជុំវិញតួលេខពាណិជ្ជកម្មនេះ បានវ៉ាដាច់ទំហំពាណិជ្ជកម្មសរុបចំនួន ៩៣០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ រួចទៅហើយ ខណៈនៅឆ្នាំ២០២៦ នេះ នៅសល់រយៈពេលពីរខែទៀតទើបដាច់ឆ្នាំ។
គួរឲ្យដឹងថា កំណើនយ៉ាងខ្លាំងនៅឆ្នាំនេះត្រូវបានជំរុញជាចម្បងដោយក្រុមហ៊ុនបរទេស ដែលមានចំណែករហូតដល់ ៧៧៨ពាន់លានដុល្លារនៃតួលេខពាណិជ្ជកម្មសរុប ពោលគឺបានកើនឡើង ៣៧% ធៀបនឹងឆ្នាំមុន។ ចំណែកឯក្រុមហ៊ុនក្នុងស្រុកវិញទទួលបាន ២២៣ពាន់លានដុល្លារ កើនឡើង ១៦%។
ទំនិញពាណិជ្ជកម្មធំជាងគេចំនួនបីគឺ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់របស់វា, ទូរស័ព្ទ និងគ្រឿងបន្លាស់, គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារ និងគ្រឿងបន្លាស់។
ជម្រាបជូនថា ប្រទេសចិន និងសហរដ្ឋអាមេរិក នៅតែបន្តជាដៃគូពាណិជ្ជកម្មធំជាងគេទាំងពីររបស់វៀតណាម។ ការនាំចេញទៅកាន់ទីផ្សារជាច្រើនដែលវៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានកើនឡើងយ៉ាងគំហុក រួមមាន ប្រទេសម៉ិកស៊ិក កើនឡើង ៤២,៥%, កូរ៉េខាងត្បូង (១៩,១%), ជប៉ុន (១៨,៦%) និងកាណាដា (១៤,៤%)។ បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស និងដែនដីសរុបចំនួន ២៣៧៕

