ស្ថាបនិកក្រុមហ៊ុន Google ទាំងពីររូប គឺលោក Larry Page និងលោក Sergey Brin បានខាតបង់ទ្រព្យសម្បត្តិសរុបអស់ប្រមាណ ៦០ពាន់លានដុល្លារ កាលពីថ្ងៃទី២៩ ខែតុលា ដែលធ្វើឱ្យពួកគេក្លាយជាបុគ្គលដែលខាតបង់ទ្រព្យសម្បត្តិធំជាងគេទាំងពីរ នៅលើពិភពលោក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនមេ Alphabet បានធ្លាក់ចុះយ៉ាងខ្លាំងជាប្រវត្តិសាស្ត្រ។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Page បានធ្លាក់ចុះចំនួន ៣១,៥ពាន់លានដុល្លារ មកនៅត្រឹម ២៣៥,៩ពាន់លានដុល្លារ ខណៈពេលដែលទ្រព្យសម្បត្តិរបស់លោក Brin បានធ្លាក់ចុះ ២៨,៩ពាន់លានដុល្លារ មកនៅត្រឹម ២១៧,២ពាន់លានដុល្លារ។
សារព័ត៌មាន CNN បានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេ Google បានធ្លាក់ចុះ ១៣% កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនថយចុះអស់ប្រមាណជិត ៥០០ពាន់លានដុល្លារដែលជាកម្រិតធ្លាក់ចុះខ្លាំងបំផុតជាប្រវត្តិសាស្រ្ត។
គួរជម្រាបជូនថា បើទោះបីជាមានការខាតបង់ថ្មីៗនេះក៏ដោយ ក៏លោក Page និងលោក Brin នៅតែជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតទីបី និងទីបួននៅលើពិភពលោកដដែល។ ពួកគេតាមពីក្រោយតែមហាសេដ្ឋី លោក Elon Musk និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ប៉ុណ្ណោះ៕

