ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងចំនួន៤ ត្រៀមលក្ខណៈបម្រុងទុក និងដោះស្រាយបញ្ហាជូនពលរដ្ឋរងគ្រោះទឹកជំនន់។សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១០.៧០០ គ្រួសារ ក្នុងខេត្តបាត់ដំបង កាលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេល។
បន្ថែមពីនេះ សម្តេចក៏ណែនាំ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់ ក្នុងរដូវប្រាំង។

ដោយឡែក ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សម្តេចធិបតី ក៏ណែនាំឱ្យចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវរាល់ខ្សែផ្លូវដែលបានខូចខាត និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំជាប់បានយូរ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។
លើសពីនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកដែលខ្វះដីពិតប្រាកដ សូមកុំជឿតាមការញុះញង់របស់ជនខិលខូចឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ បើបងប្អូនខ្វះដីពិតប្រាកដ សូមទៅដាក់ពាក្យស្នើសុំតាមអាជ្ញាធរមូលដ្ឋាន ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាល បានផ្ដល់ដី និងផ្ទះជូនប្រជាពលរដ្ឋជាច្រើនមកហើយ តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ និងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជាដើម៕ អត្ថបទ៖ហ្សាលីន

