ឧកញ៉ា ប៉ិច បូឡែន ផ្តល់ការសិក្សាថ្នាក់ភាសាអង់គ្លេស ដល់សិស្សានុសិស្សអង្គការ PSE ចំនួន ៥០០ នាក់ នៅតាមបណ្តាញសាលារៀនរបស់ វេសឡាញ អេឌ្យូខេសិន គ្រុប

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group បានផ្តល់ការសិក្សាថ្នាក់ភាសាអង់គ្លេស ដល់សិស្សានុសិស្សអង្គការស្នាមញញឹមនៃកុមារ (PSE) ចំនួន ៥០០ នាក់ នៅតាមបណ្តាញសាលារៀនរបស់ វេសឡាញ អេឌ្យូខេសិន គ្រុប នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group – WEG) បានអញ្ជើញចូលរួមអបអរព្រឹត្តិការណ៍ «រាត្រីសប្បុរសធម៌» និងខួប៣០ឆ្នាំ​របស់អង្គការស្នាមញញឹមនៃកុមារ(PSE) ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ក្រុមហ៊ុន WEG បានឱ្យដឹងថា ក្នុងនាមជាដៃគូសហការកន្លងមកជាមួយអង្គការ(PSE – Pour un Sourire d’Enfant) ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានផ្តល់នូវការសិក្សាថ្នាក់ភាសាអង់គ្លេស ដល់សិស្សា​នុសិស្សដែលមកពីអង្គការ PSE សរុបប្រមាណ ៥០០ នាក់ នៅតាមបណ្តាញសាលារៀននានារបស់ វេសឡាញ អេឌ្យូខេសិន គ្រុប។

ការឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការនេះ គឺជាសាក្ខីភាពបង្ហាញយ៉ាងច្បាស់ពីបេសកកម្ម និងការប្តេជ្ញាចិត្តយ៉ាង​មុតមាំរបស់វេសឡាញ ក្នុងការចូលរួមចំណែកក្នុងកិច្ចការសង្គម ជាពិសេសគឺការបើកឱកាសឱ្យកុមារ និងយុវជន​ជួបការលំបាក ទទួលបានការអប់រំភាសាបរទេសដែលមានគុណភាពខ្ពស់ ដើម្បីកសាងគ្រឹះនៃការសិក្សា និងអនាគតដ៏ភ្លឺស្វាងសម្រាប់ពួកគេ។

ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានក្លាយ​ជាផ្នែក​មួយនៃការផ្លាស់ប្តូរជីវិតរបស់សិស្សានុសិស្សនៃអង្គការ PSE និងបានប្តេជ្ញានឹងបន្តសហការយ៉ាងជិត​ស្និទ្ធជាមួយ​ដៃគូនានា ដើម្បីបន្តបេសកកម្មអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕