ក្រុម Hacker ចូលលួចលុយអស់ជាង ៦ពាន់លានដុល្លារ ពីទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក

អន្តរជាតិ

ក្រុម Hacker កាលពីពេលថ្មីៗនេះ​ បានចូលលួចទឹកប្រាក់ចំនួន ៦,៣ពាន់លានដុល្លារពី Binance ដែលជាវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក។ នេះគឺជាករណីលួចដែលមានទំហំធំបំផុតមិនធ្លាប់មាន ដែលអ្នកវិភាគបានចង្អុលបង្ហាញថាជាស្នាដៃរបស់ប្រទេសកូរ៉េខាងជើង ហើយអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើទ្រព្យសកម្មឌីជីថលលើសកលលោកផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ តម្លៃរូបិយប័ណ្ណគ្រីបតូបានធ្លាក់ចុះភ្លាមៗ បន្ទាប់ពីមានព័ត៌មាននេះ ខណៈពេលដែល Binance បានសម្រេចផ្អាករាល់សេវាកម្មដកប្រាក់ទាំងស្រុង ហើយបានប្រកាសទៀតថានឹងទទួលខុសត្រូវសងការខាតបង់ទាំងនោះឡើយ។

ទន្ទឹមនឹងនេះ ទ្រព្យសកម្មឌីជីថលដែលត្រូវបានលួចប្រហែលពាក់កណ្តាល ត្រូវបានបង្កកយ៉ាងឆាប់រហ័សដោយក្រុមហ៊ុនចេញផ្សាយរូបិយប័ណ្ណគ្រីបតូប្រភេទ Stablecoin ដូចជា Tether, Circle និង World Liberty Financial (ដែលជាក្រុមហ៊ុនគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ) ផងដែរ។

យោងតាមក្រុមហ៊ុនវិភាគប្លុកឆេន (blockchain) របស់សហរដ្ឋអាមេរិក គឺ TRM Labs និង Chainalysis បានឱ្យដឹងថា សកម្មភាពលួចភាគច្រើនបានកើតឡើងក្នុងរយៈពេលប្រហែល ២០នាទីប៉ុណ្ណោះ ដោយចាប់ផ្តើមនៅចុងថ្ងៃព្រហស្បតិ៍។ ហេតុការណ៍នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងការវាយប្រហារធំៗកន្លងមក ដែលត្រូវបានគេចោទប្រកាន់ថាជាស្នាដៃរបស់ក្រុម Hacker កូរ៉េខាងជើង។

ជម្រាបជូនថា យោងតាមអាជ្ញាធរសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងអ្នកជំនាញផ្នែកសន្តិសុខសាយប័រ (Cyber) បានឱ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកូរ៉េខាងជើងបានប្រើប្រាស់អង្គភាពសាយប័ររបស់ពួកគេដែលមានទំនាក់ទំនងជាមួយរដ្ឋ ដើម្បីធ្វើចារកម្ម លួចប្រាក់ និងស្វែងរកចំណូលពីខាងក្រៅប្រទេស៕​