ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តកំពង់ធំ ព្រះចៅអធិការ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ គណៈកម្មាអាចារ្យវត្ត ក្រុមការងារគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ-ឃុំ-ស្រុក អាជ្ញាធរមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ថ្នាក់ដឹកនាំ-បុគ្គលិក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាង ៥,០០០ នាក់។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅអធិការ គណៈកម្មាអាចារ្យវត្ត និងពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានផ្តួចផ្តើមគំនិត និងបានចូលរួមឧបត្ថម្ភ ព្រមទាំងកៀរគរថវិកាក្នុងការកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ត រហូតសម្រេចបាននូវសមិទ្ធផលគួរឱ្យជ្រះថ្លានាឱកាសនេះ។ តាមរយៈសមិទ្ធផលទាំងនេះ លោកអ្នកឧកញ៉ា ទ្រី ភាព នៅតែស្នើសុំឱ្យពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់បន្តថែរក្សាសមិទ្ធផលទាំងអស់នោះ ឱ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែង ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិព្រះសាសនា ក៏ដូចជាបន្តលើកតម្កើងមរតកវប្បធម៌ជាតិឱ្យកាន់តែថ្គុំថ្កើង។
ដើម្បីអបអរសាទរចំពោះសមិទ្ធផលខាងលើ និងដើម្បីបង្កើតភាពសប្បាយរីករាយបន្ថែមដល់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកថែរក្សាសិល្បៈវប្បធម៌ខ្មែរ លោកអ្នកឧកញ៉ា ទ្រី ភាព បានផ្ដល់នូវទស្សនីយភាព ល្ខោនយីកេ និងល្ខោនបាសាក់ ដល់បងប្អូនប្រជាពលរដ្ឋទស្សនាដោយក្ដីសោមនស្សក្រៃលែង។
បន្ថែមលើការផ្តល់នូវទស្សនីយភាពខាងលើ លោកអ្នកឧកញ៉ា បានចូលរួមបច្ច័យកសាងវត្តចំនួន ៥០ លានរៀល។ ក្រៅបច្ច័យកសាង លោកអ្នកឧកញ៉ា ក៏បានផ្តល់ជូននូវថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ យាយជីតាជី លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលបានអញ្ជើញចូលរួម ៥,០០០ នាក់ផងដែរ។ លើសពីនេះ ស្រ្តីមានផ្ទៃពោះចំនួន ៨៦ នាក់ ក៏ទទួលបានថវិកាឧបត្ថម្ភពីលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលក្នុងម្នាក់ៗទទួលបានថវិកា ២០០,០០០ រៀល។
សូមបញ្ជាក់ជូនផងដែរថា ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងឃុំសាមគ្គីនាឱកាសនេះ ចំណាយថវិកាអស់ជាង ៤០០,០០០,០០០ រៀល៕










