លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃមន្ទីរពេទ្យ Grand Eye ដឹកនាំដោយលោកវេជ្ជបណ្ឌិត Lee Young Seop នាយកប្រតិបត្តិនៃមន្ទីរពេទ្យ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការជួយសម្រាលបន្ទុកសុខភាពភ្នែករបស់សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ។

នៅក្នុងឱកាសនៃជំនួបនោះ លោកវេជ្ជបណ្ឌិត Lee Young Seop បានបង្ហាញពីបំណងក្នុងការបង្កើតកិច្ចសហការជាមួយស្ថានទូតកម្ពុជា តាមរយៈការផ្តល់សេវាពិនិត្យសុខភាពភ្នែកជូនបងប្អូនសហគមន៍ខ្មែរនៅកូរ៉េដោយឥតគិតថ្លៃ ព្រមទាំងមានការចាត់ចែងអ្នកបកប្រែភាសា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបញ្ហារបាំងភាសា។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានស្នើឱ្យមន្ទីរពេទ្យពិនិត្យលទ្ធភាពចូលរួមក្នុងសកម្មភាពធំៗរបស់ស្ថានទូត ដើម្បីពិនិត្យភ្នែកជូនបងប្អូនសហគមន៍ខ្មែរនៅកូរ៉េឱ្យកាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ក៏បានស្នើឱ្យមន្ទីរពេទ្យពិនិត្យលទ្ធភាពបង្កើតសកម្មភាពមនុស្សធម៌ ដោយដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា មន្ទីរពេទ្យ Grand Eye គឺជាមន្ទីរពេទ្យឯកទេសផ្នែកភ្នែក ដែលផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកចម្រុះ រួមមាន ជំងឺភ្នែកឡើងបាយ ជំងឺបាតភ្នែក ជំងឺដក់ទឹកក្នុងភ្នែក និងការវះកាត់បញ្ហាភ្នែកគ្រប់ប្រភេទ៕



