រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមព្រឹត្តិការណ៍ជំរុញទេសចរណ៍អន្តរជាតិ នៅខេត្តគ័នស៊ូ ប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុងទុនហ័រ (Dunhuang) ខេត្តគ័នស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមព្រឹត្តិការណ៍ជំរុញទេសចរណ៍អន្តរជាតិប្រចាំឆ្នាំរបស់ខេត្តគ័នស៊ូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមកពីប្រទេសជាង ៥៥ លើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញដល់ទីក្រុងទុនហ័រ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចពីលោកស្រី Xu Yanli អគ្គនាយកមន្ទីរកិច្ចការបរទេសនៃរដ្ឋបាលប្រជាជនខេត្តគ័នស៊ូ និងជាអគ្គនាយកគណៈកម្មការកិច្ចការបរទេសនៃការិយាល័យគណៈកម្មាធិការបក្សកុម្មុយនីស្តចិន (CPC) ប្រចាំខេត្តគ័នស៊ូ រួមជាមួយលោក អ៊ុង សំរ៉េងស៊ី (Ung Samraingsey) អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស៊ីអាន លោក Huo ZhaoGuo ប្រធានសភាពាណិជ្ជកម្មខេត្តគ័នស៊ូប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ។

ការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ គឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបង្ហាញពីស្ថានភាពនយោបាយ សង្គម សន្តិសុខ និងសុវត្ថិភាពពិតប្រាកដរបស់ប្រទេស ព្រមទាំងផ្សព្វផ្សាយពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជាជូនដល់ប្រជាជនចិនក្នុងខេត្តគ័នស៊ូ ក៏ដូចជាគណៈប្រតិភូអន្តរជាតិមកពីជាង ៥៥ ប្រទេស។

ជាមួយគ្នានេះ វត្តមានរបស់គណៈប្រតិភូកម្ពុជា ក៏ជាការរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិនឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ស្របតាមការអនុវត្តយុទ្ធនាការជំរុញទេសចរណ៍ទ្វេភាគីកម្ពុជា-ចិន ព្រមទាំងដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់៕