អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសរុប ៧២០ លានដុល្លារដល់កម្ពុជា ក្នុងយៈពេល ៣០ ឆ្នាំកន្លងមកនេះ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល ៣០ ឆ្នាំ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៧២០ លានដុល្លារដល់កម្ពុជា ដើម្បីបន្តគាំទ្រទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សាយចេញកាលពីសប្តាហ៍មុន ស្តីពីលទ្ធផលប្រជុំរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Cristlan Berger ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណលោក Crista Berger សម្រេចបានការងារគួរឱ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ៣ ឆ្នាំ (ឆ្នាំ២០១៩ ឆ្នាំ២០២២) នៃការបំពេញបេសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។លោកបន្តថា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបើកច្រកប្រភពហិរញ្ញប្បទានថ្មីសម្រាប់កម្ពុជា គឺជាការផ្តល់ឥណទានសម្បទាន តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ។

លោកថា ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) លើកទី១ កម្ពុជាទទួលបាននៅឆ្នាំ២០១៩ ចំនួន ៣០ លានអឺរ៉ូ សម្រាប់គាំទ្រការអនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ និងបន្ទាប់មក នៅឆ្នាំ ២០២០ ដែលមានចំនួន ៣០ លានអឺរ៉ូ ដូចគ្នា សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ។

បន្ទាប់ពីជំនួបពិភាក្សានេះ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក Christian Berger បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទានសម្បទានមួយថ្មីទៀតចំនួន ៣០ លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II (Energy Efficienty in Rural Power Supply II Project)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយបន្ទាប់ពីសិក្សាលម្អិតត្រូវបានធ្វើរួចរាល់។

ការបន្តគាំទ្រផ្តល់ឥណទានសម្បទានបន្ថែម សម្រាប់គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II នេះ ជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការល្អ ប្រសើរជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ជារួម ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។ គិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២១ រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៧២០ លានដុល្លារអាមេរិក (ក្នុងនោះ ឥណទានសម្បទាន មានចំនួនប្រមាណ ៧០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥០ លានដុល្លារអាមេរិក)។ ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រជាជនអាល្លឺម៉ង់ បាននិងបន្តគាំទ្រទាំងជំនាញបច្ចេកទេស និងទាំងហិរញ្ញវត្ថុ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា៕ អត្ថបទ៖ហ្សាលីន