Elon Musk ចាយលុយជិតកន្លះពាន់លានដុល្លារ បរិច្ចាគនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក

អន្តរជាតិ

កំពូលមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk បានចំណាយទឹកប្រាក់រហូតដល់ជិតកន្លះពាន់លានដុល្លារ ទៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលធ្វើឲ្យរូបលោកក្លាយជាអ្នកបរិច្ចាគធំជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រនយោបាយអាមេរិកសម័យទំនើប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមពាក់កណ្តាលខែតុលា លោក Musk ដែលជាម្ចាស់ក្រុមហ៊ុន SpaceX ព្រមទាំងក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានបរិច្ចាគទឹកប្រាក់ជាង ៤៤៥លានដុល្លារ ដល់គណៈកម្មាធិការសហព័ន្ធរបស់គណបក្សសាធារណរដ្ឋតែមួយគត់។ ចំនួននេះគឺច្រើនជាងទ្វេដងនៃទឹកប្រាក់ជិត ១៧៧លានដុល្លារ ដែលមហាសេដ្ឋី George Soros (អ្នកបរិច្ចាគដ៏សំខាន់ម្នាក់របស់គណបក្សប្រជាធិបតេយ្យ) បានចំណាយនៅក្នុងការបោះឆ្នោតឆ្នាំ២០២២។

បើតាមលោក Brendan Glavin អ្នកជំនាញនៅអង្គការមិនស្វែងរកប្រាក់ចំណេញ OpenSecrets ដែលតាមដានការចំណាយផ្នែកនយោបាយនៅសហរដ្ឋអាមេរិក បានលើកឡើងថា ទឹកប្រាក់របស់លោក Musk អាចផ្លាស់ប្តូរទិសដៅនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះបានដោយខ្លួនឯង។

លោកបានសង្តក់ធ្ងន់ថា ៖”បុគ្គលដ៏សំខាន់ម្នាក់កំពុងគ្របដណ្ដប់ និងផ្លាស់ប្តូររបៀបដែលគណបក្សសាធារណរដ្ឋចំណាយប្រាក់ និងការពារខ្លួនពីការវាយប្រហារនានាក្នុងអំឡុងពេលបោះឆ្នោត”។

យោងតាមទិន្នន័យយុទ្ធនាការបោះឆ្នោតកម្រិតសហព័ន្ធ បានបង្ហាញឲ្យដឹងទៀតថា លោក Musk បានចំណាយទឹកប្រាក់ជិត ២១៦លានដុល្លារ ទៅក្នុងអង្គការ America PAC ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយខ្នាតធំ ឬហៅថា Super PAC ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។

ជម្រាបជូនថា អង្គការ America PAC បានផ្តល់មូលនិធិសម្រាប់យុទ្ធនាការផ្សេងៗ រួមមានការផ្ញើសារដោយផ្ទាល់ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងវិធីសាស្ត្រផ្សេងទៀត ដើម្បីទាក់ទងទៅកាន់អ្នកបោះឆ្នោតនៅរដ្ឋតិចសាស់ ដោយមានគោលដៅចម្បងគឺស្វែងរកសម្លេងឆ្នោតជូនបក្សសាធារណរដ្ឋ៕​