តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលអាមេរិក Intel បានធ្លាក់ចុះអស់ជិត ៣០% ក្នុងការជួញដូរត្រឹមតែមួយវគ្គ បន្ទាប់ពីបានព្យាករពីលទ្ធផលប្រាក់ចំណូលទាបជាងការរំពឹងទុកសម្រាប់ត្រីមាសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបិទការជួញដូរចុងក្រោយនៅថ្ងៃទី៣០ ខែតុលា ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានធ្លាក់ចុះរហូតដល់ ២៩%។ នេះគឺជាការធ្លាក់ចុះក្នុង១ថ្ងៃដ៏ទាបបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន គិតចាប់តាំងពីទសវត្សឆ្នាំ១៩៧០ មក។
យ៉ាងណាមិញ ភាគហ៊ុនរបស់ Intel បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយនេះ បានប្រកាសពីការព្យាករប្រាក់ចំណូលទាបជាងការរំពឹងទុក ដោយសារតែការបិទរោងចក្រមួយក្នុងប្រទេសអ៊ីស្រាអែល និងការធ្លាក់ចុះជាបន្តបន្ទាប់នៃទីផ្សារកុំព្យូទ័រលើតុ (PC) របស់ពួកគេ។
ជុំវិញការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ Intel នេះ ក៏ជាការវាយប្រហារយ៉ាងខ្លាំងផងដែរដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កាលពីឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទិញភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុន Intel។ ទោះបីជាការវិនិយោគនេះនៅតែទទួលបានប្រាក់ចំណេញរហូតមកដល់បច្ចុប្បន្នក៏ដោយ ប៉ុន្តែតម្លៃមូលធនទីផ្សាររបស់ពួកគេ បានធ្លាក់ចុះអស់ ១២ពាន់លានដុល្លារ ក្នុងការជួញដូរតែមួយវគ្គកាលពីថ្ងៃទី៣០ ខែតុលា។
ជម្រាបជូនថា មុនពេលចេញផ្សាយរបាយការណ៍ចំណូលត្រីមាសទីបីរបស់ខ្លួន ភាគហ៊ុនរបស់ Intel បានកើនឡើង ១៥០% ធៀបនឹងដើមឆ្នាំ ដែលជាចម្បងជំរុញដោយតម្រូវការសម្រាប់បន្ទះឈីប CPU របស់ខ្លួន ដែលកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ នៅក្នុង AI៕

