Uber គ្រោងចាយលុយជាង ១១ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនគូប្រជែង Delivery Hero

អន្តរជាតិ

ក្រុមហ៊ុន Delivery Hero និយាយថា វេទិកាដឹកជញ្ជូនអាហារខ្នាតយក្សរបស់អាមេរិក Uber បានស្នើទិញភាគហ៊ុនទាំងអស់របស់ខ្លួន ដែលមានតម្លៃ ១០ពាន់លានអឺរ៉ូ ឬប្រហែល ១១,៦ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ជាមួយនឹងការវាយតម្លៃដែលបានរៀបរាប់ខាងលើ ភាគហ៊ុននីមួយៗរបស់វេទិកាដឹកជញ្ជូនអាហារ Delivery Hero ក្នុងកិច្ចព្រមព្រៀងនេះគឺស្មើនឹង ៣៣អឺរ៉ូ ក្នុងមួយហ៊ុន ឬជាង ៣៨ដុល្លារក្នុងមួយហ៊ុន។

កាលពីសប្តាហ៍មុន Uber បានបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់ខ្លួនមួយនេះ ពី ៧% ដល់ ១៩,៥% ដោយបានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេផងដែរ។

គួរឲ្យដឹងផងដែរថា ជុំវិញការផ្លាស់ប្តូរនេះ បានកើតឡើង ចំពេលលោក Niklas Oestberg នាយកប្រតិបត្តិក្រុមហ៊ុន Delivery Hero បានប្រកាសលាលែងពីតំណែង បន្ទាប់ពីមានសម្ពាធអស់រយៈពេលជាច្រើនឆ្នាំពីម្ចាស់ភាគហ៊ុនសំខាន់ៗ ដើម្បីផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Aspex ដែលជាម្ចាស់ភាគហ៊ុន ១៥% នៃក្រុមហ៊ុន Delivery Hero ក៏កំពុងជំរុញឲ្យវេទិកាដឹកជញ្ជូនអាហារដ៏ធំបំផុតមួយនេះ កាត់បន្ថយវិសាលភាពទីផ្សាររបស់ខ្លួន និងស្វែងរកអ្នកជំនួសនាយកប្រតិបត្តិ លោក Oestberg ឲ្យបានឆាប់រហ័សផងដែរ។

គួរជម្រាបជូនផងដែរថា ទីផ្សារដឹកជញ្ជូនអាហារសកលកំពុងឃើញពីការរួមបញ្ចូលគ្នាយ៉ាងច្រើន ក្នុងរយៈពេលចុងក្រោយនេះ ដោយកាលពីឆ្នាំមុន DoorDash បានទិញយកក្រុមហ៊ុន Deliveroo ក្នុងតម្លៃប្រមាណជិត ៣ពាន់លានផោនផងដែរ៕​