តារាឆ្នើមរបស់ក្រុម Ducati ក្លាយជាម្ចាស់ជើងឯកក្នុងការប្រណាំង MotoGP ឆ្នាំ២០២៦ នៅទីលាន PETRONAS Sepang ប្រទេសម៉ាឡេស៊ី 

អន្តរជាតិ

តារាឆ្នើមរបស់ក្រុម Ducati Lenovo Team គឺលោក Marc Marquez បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ នៅក្នុងការប្រណាំង MotoGP ដែលរៀបចំធ្វើឡើងនៅឯទីលាន PETRONAS Sepang International Circuit  ក្នុងប្រទេសម៉ាឡេស៊ី ដោយប្រើថិរវេលា ៤០នាទី និង ១៤.២៣វិនាទី នាំមុខលើគូប្រជែង Pedro Acosta មកពីក្រុម Red Bull ចំនួន ៤.១៧វិនាទី ខណៈពេលដែលប្អូនប្រុសរបស់លោក គឺ Alex Marquez បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ដោយមានគម្លាតជិត ៦វិនាទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា បច្ចុប្បន្ន Marquez មានពិន្ទុនាំមុខគូប្រជែងដ៏ប្រកៀកប្រកិតខ្លួនបំផុត គឺកីឡាករ Jorge Martin ចំនួន ៤៤ពិន្ទុ និងបានយកឈ្នះការប្រណាំងចំនួន ៧ លើករួចមកហើយនៅក្នុងរដូវកាលនេះ។ 

នេះក៏ជាជ័យជម្នះលើកទី៣ ផងដែរសម្រាប់ Marquez ក្នុងការប្រណាំង នៅប្រទេសម៉ាឡេស៊ី ក្នុងប្រភេទ MotoGP បន្ទាប់ពីធ្លាប់ឈ្នះលើកចុងក្រោយនៅទីលាន Sepang កាលពីឆ្នាំ២០១៨។

គួរឲ្យដឹងថា ដោយសារ Martin មកពីក្រុម Aprilia មិនអាចចូលរួមការប្រណាំងនៅ Sepang បាន ដោយសារបញ្ហារបួសកដៃនោះ Marquez ដែលជាជនជាតិអេស្ប៉ាញដូចគ្នា កំពុងមានឱកាសច្រើនក្នុងការដណ្តើមយកពានរង្វាន់ជើងឯក MotoGP ឆ្នាំ២០២៦  បាននៅចុងសប្តាហ៍ក្រោយ ដែលនឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសកាតា។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា ក៏បានដឹកនាំអតិថិជន PETRONAS Lubricant Cambodia របស់ខ្លួនចូលរួមកម្មវិធីលំដាប់ពិភពលោក ក្នុងការប្រណាំងម៉ូតូ MotoGP ប្រចាំឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីនេះ ផងដែរ៕