តម្លៃមាសអន្តរជាតិ ត្រូវបានគេរាយការណ៍ថាបានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតប្រមាណ ៤ ៩៥៤ដុល្លារក្នុងមួយអោន ដែលត្រូវបានជំរុញដោយសារភាពតានតឹងជាសកល និងការចុះខ្សោយនៃប្រាក់ដុល្លារផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី២២ ខែមករា តម្លៃមាសសកលបានកើនឡើង ១០៣ដុល្លារភ្លាមៗ ដល់ចំនួន ៤ ៩៣៥ដុល្លារក្នុងមួយអោន។ ហើយលុះពេលបើកការជួញដូរឡើងវិញ នៅថ្ងៃទី២៣ ខែមករានេះ ទីផ្សារមាសបានបន្តនិន្នាការកើនឡើងរបស់ខ្លួនបន្ថែមទៀត ដោយឈានដល់ ៤ ៩៥៤ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ បើយោងតាមលោក Peter Grant អ្នកយុទ្ធសាស្រ្តមាស ប្រចាំនៅស្ថាប័ន Zaner Metals បាននិយាយថា ៖” ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ប្រាក់ដុល្លារចុះខ្សោយ និងការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក កំពុងជំរុញឲ្យតម្រូវការមាសកើនឡើងបន្ថែមទៀត”។
ជម្រាបជូនថា សន្ទស្សន៍ប្រាក់ដុល្លារ ដែលជាការវាស់ស្ទង់ឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួនប្រាំមួយ បានធ្លាក់ចុះ ០,៤% គិតនៅត្រឹមថ្ងៃទី២២ ខែមករា ដែលធ្វើឱ្យមាសមានតម្លៃថោកជាង សម្រាប់អ្នកទិញនៅខាងក្រៅសហរដ្ឋអាមេរិក៕

