ការលក់ទូរស័ព្ទម៉ាកបរទេស រួមទាំង iPhone នៅចិន ធ្លាក់ចុះជាង ៣០% ក្នុងខែមិថុនា

អន្តរជាតិ

ការលក់ទូរស័ព្ទម៉ាកបរទេស រួមទាំង iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៣១,៣% ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យដែលចេញផ្សាយដោយបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT) បានបង្ហាញថា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ការលក់ស្មាតហ្វូនម៉ាកយីហោបរទេសនៅក្នុងប្រទសចិន បានថយចុះមកនៅត្រឹម ១,៩៧ លានគ្រឿង បើធៀបទៅនឹងចំនួន ២,៨៦ លានគ្រឿង ក្នុងពេលដូចគ្នា កាលពីឆ្នាំមុន។

យ៉ាងណាមិញ ក្នុងចំណោមនោះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple ត្រូវបានគេមើលឃើញថាកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង​ ពីសំណាក់គូប្រជែងក្នុងស្រុក ដូចជាក្រុមហ៊ុន Huawei និង Vivo ជាដើម នៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន។

គួរជម្រាបជូនផងដែរថា ការលក់ស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះអស់ ៩,៣% មកនៅត្រឹមចំនួន ២២,៥៩ លានគ្រឿង នៅក្នុងខែមិថុនា នេះបើតាមទិន្នន័យពី CAICT៕​