បុរសមានដាច់គេនៅអាស៊ីអាគ្នេយ៍ បោះទុនជិតកន្លះពាន់លានដុល្លារ ចូលក្នុងក្រុមហ៊ុនរថយន្ត EV VinFast

អន្តរជាតិ

លោក Pham Nhat Vuong ដែលជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ បានវិនិយោគទឹកប្រាក់ចំនួន ១១ទ្រីលានដុង (ស្មើនឹង ៤៣៦លានដុល្លារ) ទៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast Auto តាមរយៈការទិញភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារដែលបានដាក់ជូនគណៈកម្មការមូលបត្រ និងផ្សារហ៊ុនសហរដ្ឋអាមេរិក (U.S. Securities and Exchange Commission) បានឲ្យដឹងថា លោក Vuong បានធ្វើការវិនិយោគនេះ ដោយទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន VinFast Vietnam ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VinFast។

យ៉ាងណាមិញ ភាគហ៊ុនទាំងនេះបានផ្តល់សិទ្ធិដល់ម្ចាស់ភាគហ៊ុនក្នុងការទទួលបានភាគលាភមុនម្ចាស់ភាគហ៊ុនធម្មតា ប៉ុន្តែមិនមានសិទ្ធិបំប្លែង ឬផ្លាស់ប្តូរទៅជាភាគហ៊ុនប្រភេទផ្សេងទៀតនោះទេ។

កាលពីមុន ក្រុមហ៊ុន VinFast បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា លោក Vuong បានផ្តល់ទុនសរុបចំនួន ៤០,៥ទ្រីលានដុង ដល់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួន។ យោងតាមឯកសារដដែលនោះ រួមទាំងការវិនិយោគចុងក្រោយនេះផងដែរ លោក Vuong បានបោះទុនសរុបប្រហែល ៥១,៥ទ្រីលានដុងរួចមកហើយ ចូលទៅក្នុង VinFast។

គួរជម្រាបជូនថា ក្រុមហ៊ុន VinFast Vietnam ដែលមានដើមទុនចុះបញ្ជីចំនួន ៣៥ទ្រីលានដុង និងត្រូវបានបង្កើតឡើងកាលពីខែមិថុនា ក្នុងអំឡុងពេលនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំមួយរបស់ VinFast ដើម្បីបំបែកផ្នែកបំណុល និងផ្នែកផលិតកម្ម ទៅដាក់នៅក្នុងក្រុមហ៊ុនមួយផ្សេងទៀត គឺក្រុមហ៊ុន VinFast Trading and Production៕​