ក្រសួងអប់រំ ត្រៀមរៀបចំកម្មវិធីធំៗចំនួន២ បង្ហាញសក្តានុពលអប់រំ និងវិទ្យាសាស្ត្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍អម កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ សំដៅធានាឱ្យការរៀបចំកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមផែនការកំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរដល់ក្រុមការងារគ្រប់អង្គភាព ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍អមនេះគឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងការប្តេជ្ញាចិត្តលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងវិស័យអប់រំ និងវិទ្យាសាស្ត្រ ព្រមទាំងពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេស និងដៃគូក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។

សូមជម្រាបជូនថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកានេះ ដែលមានការចូលរួមពីបណ្តាប្រទេសជាសមាជិកចំនួន ៩០ប្រទេស ជុំវិញពិភពលោក ក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបន្ទុករៀបចំកម្មវិធីធំៗចំនួន២ រួមមាន៖ ១. វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Cycle Scientifique Francophone d’Asie-Pacifique – CSFAP) ២. ស្ដង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូន ដើម្បីបង្ហាញពីសមិទ្ធផលលេចធ្លោនៃវិស័យអប់រំកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕