ឧកញ៉ា ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប បានលើកឡើងថា លោកគ្មានអ្វីសប្បាយចិត្ត និងមានតម្លៃស្មើនឹងការឃើញលោកឪពុកអ្នកម្ដាយមានសុខភាពល្អនោះទេ។

ការលើកឡើងរបស់លោកឧកញ៉ាខាងលើនេះ គឺបន្ទាប់ពី អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងលោកជំទាវ ម៉ែន ស៊ុន ម៉ុងឫទ្ធី ដែលត្រូវជាឪពុកម្តាយរបស់លោក បានព្យាបាលវះកាត់ជំងឺបេះដូងដោយជោគជ័យទាំងអស់គ្នា នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៣ ខែវិច្ឆិកា លោកឧកញ៉ា ម៉ុង ចាន់ថុល បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររំភើបរីករាយបែបនេះថា៖ “ក្រោយពេលមេឃភ្លៀង ក៏តែងតែមានពន្លឺថ្ងៃរះឡើងវិញ ។ គ្មានអ្វីសប្បាយចិត្ត និងមានតម្លៃស្មើនឹងការឃើញលោកឪពុកអ្នកម្ដាយមានសុខភាពល្អ បានចេញពីមន្ទីរពេទ្យ ហើយត្រលប់មកសម្រាកនៅសណ្ឋាគារវិញនោះទេ”។
ឧកញ៉ា ម៉ុង ចាន់ថុល បានបន្ថែមថា គ្រាដ៏លំបាកបានកន្លងផុតទៅបន្តិចម្ដងៗ អ្វីដែលកូនៗប្រាថ្នាធំបំផុត គឺសូមឱ្យលោកទាំងពីរមានសុខភាពល្អ ឆាប់បានជាសះស្បើយ និងមានអាយុយឺនយូរ ដើម្បីបានស្ថិតនៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅជារៀងរហូត៕







