កម្ពុជា ឡាវ និងវៀតណាម រួមកម្លាំងបោសសម្អាតគ្រឿងញៀនឆ្លងដែន និងកាត់ផ្តាច់បណ្ដាញសម្អាតប្រាក់របស់មេក្លោងឧក្រិដ្ឋជន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ត្រីភាគី ទ្វេភាគី កម្ពុជា-ឡាវ-វៀតណាម លើកទី១៩ ស្ដីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលបានបើកជាផ្លូវការនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាល និងភាគីឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គង់សារ៉ាត់ ប៊ុងលៀង អនុរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំលើកទី១៩នេះ ដែលត្រូវបានពន្យារពេលតាំងពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩ គឺជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការវាយតម្លៃបញ្ហាប្រឈមចំពោះមុខ និងពង្រឹងកិច្ចសហការឆ្លើយតបនឹងការជួញដូរគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពប្រជាជននៃប្រទេសទាំងបី។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវទស្សនៈអាទិភាពគន្លឹះចំនួន ៥ចំណុច សម្រាប់ភាគីទាំងបីរួមមាន៖ ១. ពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានទាន់ពេល តាមរយៈប្រព័ន្ធ Hotline ២៤/៧ ដើម្បីបង្ក្រាបបទល្មើសបានឆាប់រហ័ស ២. បង្កើនការជួបប្រជុំថ្នាក់ជំនាញ និងថ្នាក់ខេត្ត ឱ្យបានទៀងទាត់ និងជិតស្និទ្ធ ៣. រឹតបន្តឹងការគ្រប់គ្រងព្រំដែន ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការបង្វែរទិសដៅសារធាតុគីមីផ្សំ ៤. ពង្រឹងកិច្ចសហការប្រឆាំងការសម្អាតប្រាក់ តាមដានចរន្តហិរញ្ញវត្ថុសង្ស័យ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពទុន និងបង្ក្រាបឱ្យដល់មេក្លោង និង៥. លើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ លើជំនាញស៊ើបអង្កេតឌីជីថល ព័ត៌មានស៊ើបការណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបង្ក្រាបបទល្មើស។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ផងដែរថា ស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចប្រជុំនេះ នឹងបង្កើតបានជាលទ្ធផលជាក់ស្តែងក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ៕