រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញ ប្រកាសលាលែងពីតំណែង ក្រោយហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នា

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់អេស្ប៉ាញ លោក Oscar Puente បានសម្រេចលាលែងចេញពីតំណែង បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់រថភ្លើងល្បឿនលឿនបុកគ្នាជាបន្តបន្ទាប់ ក្នុងរយៈពេលតិចជាងមួយឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Oscar Puente បានប្រកាសកាលពីថ្ងៃទី៣ ខែវិច្ឆិកាថា៖ “ខ្ញុំបានសម្រេចចិត្តអំពីអនាគតរបស់ខ្ញុំ តាំងពីនាទីដំបូងៗបន្ទាប់ពីហេតុការណ៍សោកនាដកម្មនេះកើតឡើង ពោលគឺភ្លាមៗបន្ទាប់ពីខ្ញុំទទួលបានព័ត៌មាននេះមកម្លេះ”។ ជាមួយគ្នានេះ លោកបានប្រកាសលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងដកខ្លួនចេញពីបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតសកលមុនកាលកំណត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះផងដែរ។

ថ្លែងនៅចំពោះមុខសមាជិកសភា លោក Puente បានទទួលស្គាល់ថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនណាមួយក៏ដោយ នៅក្នុងប្រទេសអេស្ប៉ាញ នឹងមិនអាចបន្តកាន់តំណែងបានឡើយ បន្ទាប់ពីមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតចំនួនពីរលើក ក្នុងរយៈពេលតិចជាងមួយឆ្នាំមកនេះ។

គួរឲ្យដឹងថា ជុំវិញការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានហេតុការណ៍បុកគ្នារវាងរថភ្លើងល្បឿនលឿនពីរគ្រឿង នៅលើខ្សែរថភ្លើង Madrid-Seville កាលពីថ្ងៃទី២៨ ខែតុលា ដែលបានបណ្តាលឱ្យមនុស្ស ៦៩ នាក់ស្លាប់។ នេះគឺជាគ្រោះថ្នាក់ផ្លូវដែកដ៏ធ្ងន់ធ្ងរមួយនៅក្នុងទ្វីបអឺរ៉ុបក្នុងសតវត្សនេះ ដែលបង្កើនសម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Pedro Sanchez មុនពេលការបោះឆ្នោតឈានចូលមកដល់។

ជម្រាបជូនថា នៅក្នុងឆ្នាំនេះ ក៏មានគ្រោះថ្នាក់ផ្លូវដែកមួយផ្សេងទៀតបានកើតឡើងផងដែរ នៅក្នុងតំបន់ Andalusia កាលពីខែមករា ដែលបានបណ្តាលឱ្យមនុស្ស ៤៦ នាក់ស្លាប់បាត់បង់ជីវិតផងដែរ។ ក្នុងហេតុការណ៍នោះ រថភ្លើងមួយគ្រឿងដែលធ្វើដំណើរពី Malaga ទៅកាន់ Madrid បានធ្លាក់ចេញពីផ្លូវដែកនៅតំបន់ Adamuz រួចបានរអិលទៅលើផ្លូវដែកមួយខ្សែទៀត ហើយបានបុកជាមួយរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង៕​