យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី នឹងមិននាំចេញអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរីទៀតនោះទេ លុះត្រាតែប្រទេសទាំងពីរព្រមព្រៀងគ្នាលើតម្លៃដ៏សមស្របមួយ។ ការលើកឡើងនេះបានបង្កឱ្យមានមន្ទិលសង្ស័យលើផែនការផ្គត់ផ្គង់អគ្គិសនីដែលមានកម្រិតកាបូនទាប រហូតដល់ ៣,៤ ជីហ្គាវ៉ាត់ (gigawatts) ទៅកាន់ប្រទេសសិង្ហបុរី។

លោក Bahlil Lahadalia រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូណេស៊ី បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ប្រទេសរបស់លោកនៅតែបើកចំហចំពោះការនាំចេញអគ្គិសនី ប៉ុន្តែនឹងផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុកជាមុន ប្រសិនបើភាគីអ្នកទិញមិនព្រមទទួលយកលក្ខខណ្ឌតម្លៃដែលបានកំណត់។
យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានដកស្រង់សម្តីរបស់លោក Bahlil ថា៖ “ដរាបណាតម្លៃនោះមានភាពសមរម្យ ឬស្របតាមតម្លៃដែលយើងកំណត់ នោះវានឹងអាចធ្វើទៅបាន។ ប៉ុន្តែប្រសិនបើតម្លៃមិនសមរម្យទេនោះ យើងនឹងផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុកវិញ”។
គួរឲ្យដឹងថា លោក Bahlil ដែលកាន់តំណែងជារដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកផ្នែកឧស្សាហកម្មកែច្នៃ និងការផ្លាស់ប្តូរថាមពលផងដែរនោះ បានឱ្យដឹងទៀតថា ក្រសួងរបស់លោកបានគណនាតម្លៃសម្រាប់ការនាំចេញរួចហើយ។ តែទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ពីតួលេខជាក់លាក់ ឬពេលវេលាដែលអាចចាប់ផ្តើមការនាំចេញនោះទេ។
ជម្រាបជូនថា ការលើកឡើងចុងក្រោយរបស់លោក Bahlil នេះបានកើតឡើងចំពេលដែលមានភាពតានតឹងថ្មីៗរវាងសិង្ហបុរី និងឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងបញ្ហាផ្សែងអ័ព្ទឆ្លងដែន និងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ។ ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីដាក់ឱ្យដំណើរការគម្រោងថាមពលនានានៅត្រឹមឆ្នាំ២០៣៥ ប៉ុន្តែបញ្ហាតម្លៃនៅតែជាចំណុចចម្រូងចម្រាសដែលមិនទាន់អាចដោះស្រាយចេញ៕

