តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានធ្លាក់ចុះអស់ ៤% បន្ទាប់ពីលទ្ធផលអាជីវកម្មលើកដំបូង ក្រោយការដឹកនាំរបស់នាយកប្រតិបត្តិថ្មី លោក John Ternus បានបង្ហាញថា ការកើនឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ (memory chips) កំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត iPhone មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅឆ្នាំនេះ ការលក់ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន (PC) និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត បានរងផលប៉ះពាល់រួចទៅហើយពីការឡើងថ្លៃ ដែលបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ។ មូលហេតុគឺដោយសារតែឧស្សាហកម្ម AI កំពុងប្រកួតប្រជែងគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (data centers) ដែលទាមទារមានការប្រើប្រាស់បន្ទះឈីបទាំងនេះយ៉ាងច្រើន។
យ៉ាងណាមិញ សូម្បីតែ Apple ដែលត្រូវបានគេស្គាល់ជាយូរមកហើយថាក្រុមហ៊ុនដែលមានភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ (supply chain) ក៏នៅតែជួបប្រទះនឹងសម្ពាធបញ្ហានេះផងដែរ ដូច្នេះវាបានបង្ហាញឱ្យឃើញថា ស្ទើរតែគ្មានក្រុមហ៊ុនណាមួយអាចគេចផុតពីបញ្ហានេះបានឡើយ។
ដោយឡែកលោក Ternus បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលហិរញ្ញវត្ថុលើកដំបូងរបស់លោកក្នុងនាមជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនថា៖ “អ្វីដែលយើងកំពុងឃើញទាក់ទងនឹងតម្លៃនៃគ្រឿងបន្លាស់អង្គចងចាំនៅពេលនេះ គឺជារឿងដែលមិនធ្លាប់មានពីមុនមក”។
ជម្រាបជូនថា ក្រុមហ៊ុន Apple កំពុងរំពឹងថា ប្រាក់ចំណេញសរុបនឹងបន្តធ្លាក់ចុះមកនៅចន្លោះពី ៤៥% ទៅ ៤៦% នៅក្នុងត្រីមាសខែធ្នូ។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងប្រឈមមុខនឹងការចំណាយលើការដាក់ឱ្យដំណើរការមុខងារ Siri ដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលនេះគឺជាចំណុចស្នូលនៃផែនការអភិវឌ្ឍ AI របស់ Apple ផងដែរ៕

