ភាគហ៊ុន Apple ធ្លាក់ចុះភ្លាមៗ ក្រោយនាយកប្រតិបត្តិក្រុមហ៊ុន ព្រមានពីការឡើងថ្លៃបន្ទះឈីបអង្គចងចាំ

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានធ្លាក់ចុះអស់ ៤% បន្ទាប់ពីលទ្ធផលអាជីវកម្មលើកដំបូង ក្រោយការដឹកនាំរបស់នាយកប្រតិបត្តិថ្មី លោក John Ternus បានបង្ហាញថា ការកើនឡើងនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ (memory chips) កំពុងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត iPhone មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅឆ្នាំនេះ ការលក់ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន (PC) និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត បានរងផលប៉ះពាល់រួចទៅហើយពីការឡើងថ្លៃ ដែលបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃថ្លៃដើមបន្ទះឈីបអង្គចងចាំ។ មូលហេតុគឺដោយសារតែឧស្សាហកម្ម AI កំពុងប្រកួតប្រជែងគ្នាក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (data centers) ដែលទាមទារមានការប្រើប្រាស់បន្ទះឈីបទាំងនេះយ៉ាងច្រើន។

យ៉ាងណាមិញ សូម្បីតែ Apple ដែលត្រូវបានគេស្គាល់ជាយូរមកហើយថាក្រុមហ៊ុនដែលមានភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ (supply chain) ក៏នៅតែជួបប្រទះនឹងសម្ពាធបញ្ហានេះផងដែរ ដូច្នេះវាបានបង្ហាញឱ្យឃើញថា ស្ទើរតែគ្មានក្រុមហ៊ុនណាមួយអាចគេចផុតពីបញ្ហានេះបានឡើយ។

ដោយឡែកលោក Ternus បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលហិរញ្ញវត្ថុលើកដំបូងរបស់លោកក្នុងនាមជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនថា៖ “អ្វីដែលយើងកំពុងឃើញទាក់ទងនឹងតម្លៃនៃគ្រឿងបន្លាស់អង្គចងចាំនៅពេលនេះ គឺជារឿងដែលមិនធ្លាប់មានពីមុនមក”។

ជម្រាបជូនថា ក្រុមហ៊ុន Apple កំពុងរំពឹងថា ប្រាក់ចំណេញសរុបនឹងបន្តធ្លាក់ចុះមកនៅចន្លោះពី ៤៥% ទៅ ៤៦% នៅក្នុងត្រីមាសខែធ្នូ។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងប្រឈមមុខនឹងការចំណាយលើការដាក់ឱ្យដំណើរការមុខងារ Siri ដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលនេះគឺជាចំណុចស្នូលនៃផែនការអភិវឌ្ឍ AI របស់ Apple ផងដែរ៕​