សម្តេចធិបតី ជំរុញឱ្យនិស្សិតទៅសិក្សាស្រាវជ្រាវដោយផ្ទាល់នៅបណ្ណសារដ្ឋានជាតិ កុំពឹងផ្អែកលើ AI ពេក

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅនិស្សិតកុំប្រើ AI ឬ Google ស្រាវជ្រាវច្រើនពេក គួរតែទៅសិក្សាស្រាវជ្រាវដោយផ្ទាល់នៅបណ្ណាសារជាតិ ព្រោះនៅទីនោះមានឯកសារកម្រនិងមានអាយុកាលរាប់រយឆ្នាំ។សម្តេចថ្លែងបែបនេះ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈសម្តេចអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បានណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាស ព្រោះបានធ្វើឱ្យកុលបុត្រខ្មែរបានដឹងពីប្រវត្តិសាវតាររបស់ជាតិ និងបានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវត្រូវតែរកប្រភពឱ្យបានច្បាស់លាស់ មិនមែនពឹងផ្អែកតែហ្គូហ្គល និង AI ​ព្រោះថា នៅទីនោះមានឯកសារកម្រនិងមានអាយុកាលរាប់រយឆ្នាំ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តសហការជាមួយក្រសួង​ស្ថានប័ន​ពាក់​ព័ន្ធ ដើម្បីជំរុញការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធបណ្ណ​សារ​ដ្ឋាន ឱ្យប្រសើរឡើង តាមរយៈការកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់ទាំងក្នុង និងជុំវិញ ឱ្យស័ក្តិសមជាទីតាំង នៃមោទនភាពជាតិ អត្តសញ្ញាណ និងមជ្ឈមណ្ឌលនៃការចងចាំរបស់ជាតិ។

សម្តេច អំពាវនាវដល់សិស្សានុសិស្ស យុវជន និស្សិត និង សាធារណជនទាំងអស់ អញ្ជើញទស្សនា និងសិក្សាស្រាវជ្រាវនៅក្នុងបរិវេណពិព័រណ៍នេះ​ឱ្យ​បានច្រើនកុះករ ដើម្បីយល់ដឹងពីតម្លៃ នៃ«ភស្តុតាងប្រវត្តិសាស្ត្រ» និង រួមគ្នា​កសាង​អនាគតលើមូលដ្ឋានគ្រឹះនៃចំណេះដឹង និង អត្តសញ្ញាណជាតិដ៏រឹងមាំ៕ អត្ថបទ៖ហ្សាលីន