យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏មានឥទ្ធិពល B-2 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានហោះហើរចេញពីមូលដ្ឋានទ័ពមួយនៅក្នុងរដ្ឋ Missouri ដោយចំណាយពេល ៣៧ម៉ោង ដើម្បីទៅវាយប្រហារទីតាំងផលិតនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់។
បើយោងតាមសារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដែលបាននិយាយថា កងទ័ពអាកាសអាមេរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit ចំនួន ៦គ្រឿង ដើម្បីទម្លាក់គ្រាប់បែកធុនធ្ងន់ GBU-57 MOP ចំនួន ១២ គ្រាប់នៅលើបរិវេណផលិតអាវុធនុយក្លេអ៊ែរ Fordow ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២១ ខែមិថុនា។
គួរឲ្យដឹងផងដែរថា ទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន២ ផ្សេងទៀត ដូចជា Isfahan និង Natanz ក៏រងការវាយប្រហារ ដោយយន្តហោះទម្លាក់គ្រាប់បែកឥតស្រមោល B-2 នេះផងដែរ ប៉ុន្តែវាមិនទាន់ត្រូវបានគេដឹងច្បាស់ថា តើការវាយប្រហារនេះ អាចជាគ្រាប់បែកប្រភេទ GBU-57 MOP ទម្ងន់ ១៤តោន ឬយ៉ាងណានោះទេ។
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ទៀតថា ដើម្បីអនុវត្តយុទ្ធនាការនេះ យន្តហោះទម្លាក់គ្រាប់បែក B-2 របស់អាមេរិក បានហោះហើរចេញពីមូលដ្ឋានទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouri បន្ទាប់មកបានហោះហើរលើអាកាសអស់រយៈពេល ៣៧ ម៉ោងជាប់ៗគ្នា ដោយឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីទៅចូលរួមក្នុងយុទ្ធនាការវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ពីសហរដ្ឋអាមេរិក ទៅអ៊ីរ៉ង់ គឺមានចម្ងាយជាង ១១ ៤០០គីឡូម៉ែត្រ។ ក្នុងអំឡុងពេលធ្វើដំណើរនេះ យន្តហោះទម្លាក់គ្រាប់បែក B-2 ត្រូវបានចាក់បំពេញប្រេងនៅលើអាកាសជាច្រើនដង លើមហាសមុទ្រប៉ាស៊ីហ្វិក ប្រជុំកោះ Guam បន្ទាប់មកនៅលើមូលដ្ឋានទ័ពអាមេរិក ស្ថិតនៅលើកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា មុនពេលទៅដល់ប្រទេសអ៊ីរ៉ង់។
ជម្រាបជូនផងដែរថា ដោយមានតម្លៃប្រហែល ២ពាន់លានដុល្លារក្នុងមួយគ្រឿង B-2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយចម្ងាយឆ្ងាយ ដែលមានសមត្ថភាពផ្ទុកគ្រាប់បែក និងអាវុធធ្ងន់បំផុតរបស់អាមេរិក។ យន្តហោះនេះមានការរចនាស្លាបហោះ ផលិតពីសមាសធាតុផ្សំពិសេសៗ និងត្រូវបានបំពាក់ដោយថ្នាំកូតដែលអាចកាត់បន្ថយការចាប់បានពីប្រព័ន្ធពីរ៉ាដារបស់សត្រូវ។ វាក៏ជាយន្តហោះតែមួយគត់ដែលអាចទម្លាក់គ្រាប់បែកទំនើប GBU-57 ដែលអាចជ្រាបចូលដល់ទៅ ៦០ ម៉ែត្រក្នុងដី ដើម្បីកម្ទេចគោលដៅនៅក្រោមដីដែលខែលការពារដ៏រឹងមាំ បានផងដែរ។
បើតាមអ្នកជំនាញបាននិយាយថា គ្រាប់បែក GBU-57 គឺជាគ្រាប់បែកតែមួយគត់ដែលអាចបំផ្លាញអគារ Fordow ដែលជាកន្លែងគេស្គាល់ថាជា បន្ទាយនុយក្លេអ៊ែរដ៏រឹងមាំបំផុតរបស់អ៊ីរ៉ង់ ព្រោះវាលាក់ខ្លួនយ៉ាងជ្រៅនៅខាងក្នុងភ្នំ៕