ប៉ូលិសអាមេរិក បញ្ចេញឡានហោះល្បាតដំបូងបំផុតរបស់ពិភពលោក មានតម្លៃជាង ១៤ម៉ឺនដុល្លារ

អន្តរជាតិ

ប៉ូលិសនៅរដ្ឋ Florida សហរដ្ឋអាមេរិក បានដាក់បង្ហាញយានយន្តមួយប្រភេទ ដែលត្រូវបានក្រុមហ៊ុនផលិតហៅវាថាជាឡានហោះល្បាតអគ្គិសនីដំបូងគេលើពិភពលោក។ យាននេះអាចហោះហើរក្នុងល្បឿន ១០១ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបានរយៈពេល ២០នាទីសម្រាប់ការសាកថ្មពេញមួយដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មាន Fox News បានរាយការណ៍ថា នាយកដ្ឋានប៉ូលិសនៃសាកលវិទ្យាល័យ Florida Polytechnic ក្នុងទីក្រុង Lakeland បានបញ្ចេញឡានហោះនេះ ជាលើកដំបូងកាលពីខែមុន។ យានដែលមានឈ្មោះថា «Astro» ដែលមានតម្លៃ ១៤៨ ០០០ដុល្លារនេះ ត្រូវបានគ្រោងនឹងប្រើប្រាស់សម្រាប់ការត្រួតពិនិត្យតំបន់ធំៗ ការឆ្លើយតបនឹងគ្រាអាសន្ន និងការធ្វើដំណើរទៅកាន់ទីតាំងនានាដែលយានយន្តល្បាតធម្មតាមិនអាចទៅដល់បាន។

គួរឲ្យដឹងថា Astro ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាកាសចរណ៍ឯក Jetson ដែលមានមូលដ្ឋាននៅរដ្ឋ California ។ វាត្រូវបានអភិវឌ្ឍដោយផ្អែកលើគំរូរថយន្តហោះ Jetson ONE និងប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនីសម្រាប់ការហោះឡើង និងចុះចតតាមទម្រង់បញ្ឈរ (eVTOL) ដែលអនុញ្ញាតឱ្យវាហោះឡើង និងចុះចតបានដោយមិនចាំបាច់មានផ្លូវរត់ (runway) ឡើយ។

ជម្រាបជូនថា នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២០ ខែតុលា ក្រុមហ៊ុន Jetson បានពណ៌នា Astro ថាជាឡានប៉ូលិសហោះល្បាតអគ្គិសនីដំបូងគេបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងនេះ នាយកដ្ឋានប៉ូលិស Florida Polytechnic ក៏នឹងក្លាយជាស្ថាប័នអនុវត្តច្បាប់ដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានទទួលយកឡានហោះប្រភេទនេះមកប្រើប្រាស់ផងដែរ៕​