UN វាយតម្លៃខ្ពស់ចំពោះយន្តការការពារកុមារនៅកម្ពុជា និងត្រៀមយកបទពិសោធទៅចែករំលែកលើឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់កម្ពុជា ក្នុងការទប់ស្កាត់អំពើហិង្សា និងការលុបបំបាត់ពលកម្មកុមារ ព្រមទាំងបង្ហាញបំណងយកឧត្តមានុវត្តន៍ទាំងនេះទៅចែករំលែកដល់បណ្តាប្រទេសផ្សេងទៀតផងដែរ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី Najat Maalla M’jid តំណាងពិសេស UN ទទួលបន្ទុកការទប់ស្កាត់អំពើហិង្សាលើកុមារ ជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកស្រី Najat Maalla M’jid បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពការងារជាច្រើនរបស់កម្ពុជា ពិសេសយន្តការតភ្ជាប់ និងផ្តល់ឱកាសដល់កុមារដែលបោះបង់ការសិក្សាឱ្យទទួលបានការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងវិធានការចុះអធិការកិច្ចការងារដោយមិនជូនដំណឹងជាមុន ដែលជាយន្តការស្នូលក្នុងការការពារ និងលើកកម្ពស់សិទ្ធិកុមារយ៉ាងមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោក ហេង សួរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ឱ្យអនុវត្ត ផែនការសកម្មភាពជាតិស្តីពីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងបានពង្រឹងការអនុវត្តច្បាប់ការងារលើការកំណត់អាយុអប្បបរមា ទប់ស្កាត់ពលកម្មកុមារក្នុងវិស័យកសិកម្ម ការពារកុមារចំណាកស្រុក លើកកម្ពស់ការទទួលខុសត្រូវរបស់និយោជក និងមាតាបិតា បើកខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ព្រមទាំងដាក់បញ្ចូលវិធានការបង្ការពលកម្មកុមារទៅក្នុងលក្ខខណ្ឌតម្រូវស្នូលនៃសហគ្រាសផលិតផលនាំចេញ ស្របតាមអនុសញ្ញាសំខាន់ៗរបស់អង្គការ ILO។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ សំដៅរួមគ្នាបញ្ចប់រាល់ទម្រង់នៃការកេងប្រវ័ញ្ច ការរំលោភបំពាន និងអំពើហិង្សាលើកុមារ ឱ្យស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ៕