សហភាពអឺរ៉ុប ថានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ថា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជា​ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជា។នេះបើយោងតាម កិច្ចសន្ទនាលើកទី៥ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមតំណាងវិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់អំពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនានា។លោកបន្តថា បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តបេសកកម្មយ៉ាងសកម្មក្នុងការទាក់ទាញ និងជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយផ្ដល់នូវបរិយាកាសវិនិយោគដែលមានភាពអំណោយផល។

លោកក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ ដែលដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ។ តាមរយៈសមិទ្ធផលនេះ ត្រូវបានរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនតាមផ្លូវសមុទ្របានប្រមាណ ៣០% ដែលជាកត្តាយុទ្ធសាស្ត្រមួយក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិផងដែរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា វាយតម្លៃខ្ពស់ថា កិច្ចសន្ទនានេះគឺជាវេទិកាដ៏មានសារប្រយោជន៍ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈម ព្រមទាំងថានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជនអឺរ៉ុបនៅកម្ពុជាបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញសុឆន្ទៈក្នុងការផ្តល់កិច្ចគាំទ្រនានាចំពោះ ផែនការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែល ក.អ.ក. ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងរៀបចំឡើង នាពេលខាងមុខ។ លោកក៏រំពឹងទុកយ៉ាងមុតមាំចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំនិងឆ្ពោះទៅរក ក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP+ នាពេលអនាគត ដែលនឹងក្លាយជាកាតាលីករយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការលើកកម្ពស់សក្តានុពលនីហរណកម្ម និងការទាក់ទាញទុនវិនិយោគផ្ទាល់ពីអឺរ៉ុបមកកាន់កម្ពុជា។


សូមជម្រាបថា តាមរយៈវេទិកានៃកិច្ចសន្ទនាលើកទី៥ ភាគីអ៊ឺរ៉ុប ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះ ភាគីអឺរ៉ុបក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនានាពេលកន្លងមកផងដែរ៕ អត្ថបទ៖ហ្សាលីន