ក្រុមហ៊ុនមួយរបស់កូរ៉េ ចង់វិនិយោគលើផលិតកម្មផ្សិតនៅកម្ពុជា នាំចេញទៅកាន់តំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន CHEONGDO Mushroom មានបំណងស្វែងរកឱកាសវិនិយោគលើផលិតកម្មផ្សិតនៅកម្ពុជា ព្រោះប្រទេសកម្ពុជាមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រសម្រាប់ការនាំចេញទៅកាន់តំបន់អាស៊ាន មជ្ឈិមបូព៌ា និងទីផ្សារអន្តរជាតិដទៃទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម ជាមួយ លោក Karl Gonzalez Kim ប្រធានផ្នែកផែនការនៃក្រុមហ៊ុន CHEONGDO Mushroom កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល លោក Karl Gonzalez Kim បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើផលិតកម្មផ្សិតនៅកម្ពជា។ ដោយលោកបានបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតកសិដ្ឋានដាំដុះ និងខ្សែច្រវាក់នាំចេញផ្សិតនៅកម្ពុជា ហើយបានស្នើសុំកិច្ចសម្របសម្រួល និងការគាំទ្រពីស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការស្វែងរកដៃគូក្នុងស្រុកដែលមានសក្តានុពល និងសមស្រប។

សូមជម្រាបជូនថា ក្រុមហ៊ុន CHEONGDO Mushroom បង្កើតឡើងតាំងពីឆ្នាំ១៩៨៣ មានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងការដាំដុះផ្សិត និងជាក្រុមហ៊ុនផលិតផ្សិតឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ​ និងមានជំនាញបច្ចេកទេសក្នុងការផលិតផ្សិតម្ជុល (Enoki) ផ្សិតអយស្ទ័រយក្ស (King Oyster) និងផ្សិតប្រភេទផ្សេងៗទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនមានកសិដ្ឋានចំនួន ៩កន្លែង នៅសាធារណរដ្ឋកូរ៉េ និងមានរោងចក្រ ព្រមទាំងប្រតិបត្តិការនៅបរទេស ដូចជា សហព័ន្ធអាល្លឺម៉ង់ ព្រះរាជាណាចក្រហូឡង់ ចក្រភពអង់គ្លេស សហព័ន្ធអូស្ត្រាលី និងសាធារណរដ្ឋប្រជាមានិតចិន ជាដើម៕