លោក ហែម វណ្ណឌី៖ ការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម សម្លាប់មេរោគលើពហុផលិតផល ជាជំហានសំខាន់មួយក្នុងការពង្រឹងសមត្ថភាពវិទ្យាសាស្រ្តទាក់ទាញការវិនិយោគដែលមានគុណភាពនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងសាកលវិទ្យាល័យ Texas A&M សហរដ្ឋអាមេរិក បានរៀបចំវេទិកាជាតិស្តីពី “បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម eBeam និង X-ray សម្រាប់អនាគតឆ្លាតវៃ៖ សក្តានុពលថ្មីក្នុងវិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ និងវាគ្មិនមកពីវិស័យសាធារណៈ និងឯកជន ដើម្បីពិភាក្សាអំពីការប្រើប្រាស់ គុណប្រយោជន៍ ឱកាសធុរកិច្ច ការលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយការយល់ខុសអំពីការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម ពិសេសក្នុងឧស្សាហកម្មអាហារ។

ថ្លែងក្នុងសុន្ទរកថាបើកវេទិកា កាលពីថ្ងៃទី១៦ ខែធ្នូ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារសំខាន់ជាយុទ្ធសាស្ត្រនៃការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម ដើម្បីសម្លាប់មេរោគលើពហុផលិតផលកម្ពុជា។ 

លោកបានលើកឡើងថា៖ “ការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្មមកប្រើប្រាស់ ដើម្បីសម្លាប់មេរោគលើពហុផលិតផល គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ទាក់ទាញការវិនិយោគ និងបង្កើតការងារដែលមានគុណភាពនៅកម្ពុជា។ បច្ចេកវិទ្យាទាំងនេះនឹងបង្កើនសុវត្ថិភាពផលិតផល គាំទ្រឧស្សាហកម្មសំខាន់ៗ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលទំនើប ធន់ និងជំរុញដោយនវានុវត្តន៍។

សាស្រ្តាចារ្យ Suresh Pillai នាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវ eBeam នៃសាកលវិទ្យាល័យ Texas A&M​ បានលើកឡើងថា ការចាប់យកបច្ចេកវិទ្យា eBeam និង X-ray បានកាន់តែឆាប់រហ័ស នឹងអាចជួយកម្ពុជាបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអាចក្លាយជាគំរូបង្ហាញការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគឯកជនលើបច្ចេកវិទ្យាថ្មីៗ។

លោកបន្ថែមថា “សាកលវិទ្យាល័យ Texas A&M រួមជាមួយដៃគូសហការអន្តរជាតិរបស់យើង បានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកជំនាញផ្នែកវិទ្យាសាស្រ្ត ការបណ្ដុះបណ្ដាល និងបទពិសោធន៍​បច្ចេកទេស ដើម្បីធានាថា បច្ចេកវិទ្យាទាំងនេះអាចចាក់ឫស និងរីកលូតលាស់នៅកម្ពុជា។”

គួរឱ្យដឹងថា បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម រួមទាំងបច្ចេកវិទ្យា eBeam និង X-ray កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ ផលិតភាពឧស្សាហកម្ម សុខាភិបាល និងការស្រាវជ្រាវ។ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងសាធារណរដ្ឋកូរ៉េ បានបង្កើនការវិនិយោគរបស់ខ្លួនយ៉ាងច្រើនលើបច្ចេកវិទ្យាទាំងនេះ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពនៃវិស័យចម្រុះ៕