សាកលវិទ្យាល័យណានជីង (Nanjing University) និងក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់ចិន បានចូលរួមក្នុងវិស័យអភិរក្សឌីជីថល និងការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយកេរ្តិ៍ដំណែលវប្បធម៌នៅកម្ពុជា។

នេះបើតាមរយៈជំនួបរវាង លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសាកលវិទ្យាល័យណានជីង (Nanjing University) និងក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd ដែលដឹកនាំដោយលោក លូ អានដុង (LU Andong) កាលពីពេលថ្មីៗនេះ។
ក្នុងជំនួបនោះ បានពិភាក្សាការងារកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញានិងការប្រមូលទិន្នន័យបេតិកភណ្ឌវប្បធម៌អរិយធម៌ក្នុងការអភិរក្សឌីជីថលអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដែលមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា។

លោករដ្ឋលេខាធិការ ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់សាកលវិទ្យាល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងវិស័យអភិរក្សឌីជីថល និងការច្នៃប្រឌិតក្នុងការផ្សព្វផ្សាយកេរ្តិ៍ដំណែលវប្បធម៌ ដែលការចូលរួមក្នុងវិស័យនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការការពារទ្រព្យសម្បត្តិបញ្ញាក្នុងសម័យឌីជីថលបច្ចុប្បន្ន។
លោកក៏បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា តែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមរបស់វិស័យឯកជនជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខនេះ ដែលអាចនាំមកនូវចំណេះដឹងថ្មីៗ ការផ្ទេរបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការពារតម្លៃវប្បធម៌ជាតិ។
ការចូលរួមរបស់ក្រុមហ៊ុន Shanghai Linshu Culture Technology Co., Ltd. ក្នុងការសហការជាមួយភាគីកម្ពុជា គឺអាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលសម្រាប់បេតិកភណ្ឌវប្បធម៌និងអរិយធម៌ ជាពិសេសការធានាបាននូវសុវត្ថិភាពទិន្នន័យ និងការគោរពតាមបទប្បញ្ញត្តិច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ។
ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការក៏ធ្វើការលើកទឹកចិត្តឱ្យមានការពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធលើការងារបច្ចេកទេស និងផ្នែកច្បាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធានាឱ្យបានថា កិច្ចសហប្រតិបត្តិការនេះអាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានចីរភាព៕


