ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹកដល់និស្សិតទាំងអស់ ឱ្យទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការសិក្សាស្រាវជ្រាវ ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ការក្រើនរំលឹកនេះ ធ្វើឡើងកាលថ្ងៃ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈជួប សំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំលើកទឹកចិត្តដល់ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ សម្រាប់ឆ្នាំសិក្សា២០២៧ – ២០២៨ ចំនួន៣៥រូប ដែលត្រៀមខ្លួនចេញទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នាដើមឆ្នាំ២០២៧ខាងមុខនេះ។

ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទាំង ៣៥រូប នឹងត្រូវចេញទៅបន្តការសិក្សានៅលើមុខវិជ្ជាពាក់ព័ន្ធនឹង៖ (១)ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ និងបរិស្ថាន, (២)ភាពធន់នៃសេដ្ឋកិច្ច និងវិស័យឯកជន, (៣)ការអប់រំ, (៤)សុវត្ថិភាពចំណីអាហារ និងកសិកម្ម, (៥)អភិបាលកិច្ច, (៦)បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន, (៧)ហេដ្ឋារចនាសម្ព័ន្ធ, (៨)សន្តិភាព សន្តិសុខ និងយុត្តិធម៌, និង (៩)សង្គមដែលមានភាពធន់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្រុមនិស្សិតជ័យលាភី ។លោកក៏ បានក្រើនរំលឹកដល់និស្សិតទាំងអស់ ឱ្យទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការសិក្សាស្រាវជ្រាវ ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ និងបែបផែននៃការរស់នៅក្រៅប្រទេស យកមកកែច្នៃប្រើប្រាស់សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព សម្រាប់ចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។
តាមរយៈកិច្ចសំណេះសំណាលនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ គួរព្យាយាមរំលេចពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាពក្នុងតំបន់ ស្ថិរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏ប្រពៃរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ជាពិសេសដល់មិត្តរួមថ្នាក់ មិត្តរួមស្ថាប័នអប់រំ សាស្រ្តាចារ្យ និងសហគមន៍ដែលខ្លួនទៅរស់នៅសិក្សាផងដែរ៕ អត្ថបទ៖ហ្សាលីន


