ឯកអគ្គរដ្ឋទូតកូឡុំប៊ី ប្តេជ្ញានឹងជំរុញនូវពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគជាមួយកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូឡុំប៊ីប្រចាំកម្ពុជា បានលើកឡើងថា នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា ពិសេសជំរុញនូវពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគជាមួយកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាជាមួយលោកស្រី អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីកូឡុំប៊ីប្រចាំកម្ពុជា កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតកូឡុំប៊ី បានសាទរចំពោះ សមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលោកជំទាវអបអរចំពោះអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជាដែលមានភាពស្រស់ស្អាត និងបង្ហាញអំពីភាពរីកចម្រើននៅក្នុងប្រទេសមួយ។

លោកស្រីបានបញ្ជាក់បន្តថា ប្រទេសទាំងពីរមានសក្តានុពលបន្ថែមក្នុងការពង្រីកជាមួយគ្នាទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ នយោបាយអន្តរជាតិ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី រវាងប្រទេសទាំងពីរ ហើយកូឡុំប៊ី និងកម្ពុជាក៏គ្រោងនឹងមានកិច្ចសន្ទនានយោបាយជាមួយគ្នាបន្ថែមទៀត។ ទន្ទឹមគ្នានេះ លោកស្រី ក៏នឹងជំរុញនូវពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគប្រទេសទាំងពីរបន្ថែមទៀតផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោសង្ឃឹមថា ក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ លោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរីកចម្រើនទោះបីជាប្រទេសទាំងពីរមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ពិតមែនក៏ប៉ុន្តែកម្ពុជា និងកូឡុំប៊ីមានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា និងមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកបន្ថែមទៀត រវាងប្រទេសទាំងពីរ។

តាមរយៈជំនួបខាងលើនោះដែរ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ជាពិសេសរកចំណុចណាដែលមិនទាន់បានពង្រីកនូវកិច្ចការជាមួយគ្នាពោលគឺទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតែម្ដង ដែលជាចំណុចស្នូលទំនាក់ទំនងរវាងប្រទេសទាំងពីរជាដើម៕អត្ថបទ៖ហ្សាលីន