លោក Vivek Ramaswamy ដែលជាមហាសេដ្ឋីកំពូលមួយរបស់សហរដ្ឋអាមេរិក បានចាញ់បេក្ខជនរបស់បក្សប្រជាធិបតេយ្យ គឺលោកស្រី Amy Acton ក្នុងការប្រកួតប្រជែងតំណែងអភិបាលរដ្ឋអូហៃអូ (Ohio) បើទោះបីជាទទួលបានការគាំទ្រពីសំណាក់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

លោកស្រី Amy Acton អតីតនាយិកាផ្នែកសុខាភិបាលនៃរដ្ឋអូហៃអូ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដោយបានយកឈ្នះលើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺលោក Vivek Ramaswamy ដែលជាមហាសេដ្ឋីជីវបច្ចេកវិទ្យា នៅក្នុងគម្លាតសម្លេងគាំទ្រ ៨% ។
យ៉ាងណាមិញ ជុំវិញជ័យជម្នះនេះបានផ្ដល់ឱ្យគណបក្សប្រជាធិបតេយ្យនូវអាសនៈអភិបាលរដ្ឋនៅរដ្ឋអូហៃអូជាលើកដំបូងក្នុងរយៈពេលពីរទសវត្សចុងក្រោយ ដែលជារដ្ឋមួយធ្លាប់បានឈ្នះដោយតំណាងបក្សរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគម្លាតសម្លេងគាំទ្រ ១១% ក្នុងការបោះឆ្នោតឆ្នាំ២០២៤ កន្លងទៅ។
គួរឲ្យដឹងផងដែរថា នេះអាចជាការបរាជ័យដ៏អាម៉ាស់មួយសម្រាប់លោក Ramaswamy បើទោះបីជាលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតី លោក ត្រាំ អនុនប្រធានាធិបតី លោក JD Vance រួមទាំងពីសំណាក់សមាជិក និងសម្ព័ន្ធមិត្តគណបក្សសាធារណរដ្ឋក៏ដោយ។
មិនតែប៉ុណ្ណោះ យោងតាមកាសែត The NY Times ក៏បានរាយការណ៍ក្នុងខែកក្កដាថា មហាសេដ្ឋីលោក Elon Musk បានបរិច្ចាគប្រាក់ចំនួន ៥លានដុល្លារដល់ V-PAC ដែលជាគណៈកម្មាធិការសកម្មភាពនយោបាយដ៏ធំមួយគាំទ្រដល់យុទ្ធនាការរបស់មហាសេដ្ឋីដើមកំណើតឥណ្ឌារូបនេះផងដែរ។ បេក្ខជនរូបនេះក៏បានចំណាយទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ២៥លានដុល្លារលើការធ្វើយុទ្ធនាការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ ផងដែរ៕

