ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយលេងសើចថាលោកអាចនឹងចាកចេញពីទឹកដីសហរដ្ឋអាមេរិក ដើម្បីទៅប្រឡូកនៅក្នុងឆាកនយោបាយរបស់ប្រទេសអ៊ីស្រាអែលវិញ បន្ទាប់ពីមានការអះអាងថា លោកកំពុងទទួលបានគាំទ្រយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TMZ។

នៅក្នុងការបង្ហាញខ្លួនតាមរយៈបណ្តាញព័ត៌មាន Fox News កាលពីថ្ងៃទី៣ ខែវិច្ឆិកា មេដឹកនាំសេតវិមានរូបនេះ បានលើកឡើងថា លោកអាចនឹងផ្លាស់ទៅរស់នៅប្រទេសអ៊ីស្រាអែល ហើយក្លាយជានាយករដ្ឋមន្ត្រីនៅទីនោះ ប្រសិនបើប្រជាជនអាមេរិកលែងចង់បានរូបលោកទៀត។
យ៉ាងណាមិញ ជុំវិញការលើកឡើងនេះ ចំពេលមានការបានអះអាងមួយដែលបាននិយាយថា កម្រិតនៃការគាំទ្រលោក ត្រាំ នៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់ ៩៩% រួចទៅហើយ ប៉ុន្តែយ៉ាងណាក៏ដោយលោក ត្រាំ ហាក់មិនបានផ្តល់ភស្តុតាងអំពីការស្ទង់មតិណាមួយដើម្បីបញ្ជាក់ពីតួលេខនេះនៅឡើយនោះទេ។
ទន្ទឹមនឹងនេះ លោក ត្រាំ ថែមទាំងបាននិយាយទៀតថា ៖” តាមពិតទៅ ប្រសិនបើប្រជាជននៅសហរដ្ឋអាមេរិកលែងចង់បានខ្ញុំទៀតហើយ នោះខ្ញុំអាចនឹងផ្លាស់ទៅកាន់ប្រទេសអ៊ីស្រាអែល ហើយធ្វើជានាយករដ្ឋមន្ត្រីនៅទីនោះតែម្តង”។
គួរជម្រាបជូនថា កម្រិតប្រជាប្រិយភាពរបស់លោកនៅក្នុងប្រទេសអ៊ីស្រាអែល ហាក់ដូចជាមានភាពផ្ទុយស្រឡះពីកម្រិតនៃការគាំទ្រដែលលោកទទួលបាននៅក្នុងសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍មិនផ្លូវការមួយ បានបង្ហាញថាកម្រិតនៃការគាំទ្រលោក ត្រាំ នៅសហរដ្ឋអាមេរិកមានបច្ចុប្បន្នបានធ្លាក់មកនៅត្រឹម ៣២% ប៉ុណ្ណោះ៕

