មហាសេដ្ឋី Elon Musk អាចនឹងរបូតកញ្ចប់លុយដុំ ១ទ្រីលានដុល្លារ បើសិន Tesla និង SpaceX ច្របាច់ចូលគ្នា

អន្តរជាតិ

កំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk អាចនឹងបាត់បង់កញ្ចប់សំណងដ៏ច្រើនសម្បើម ១ទ្រីលានដុល្លារបស់ខ្លួន ប្រសិនបើក្រុមហ៊ុន SpaceX និង Tesla មានការច្របាច់បញ្ចូលគ្នាទៅជាក្រុមហ៊ុនតែមួយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Musk អាចនឹងទទួលបានសិទ្ធិអំណាចក្នុងការគ្រប់គ្រងយ៉ាងពេញទំហឹង ដែលជាអ្វីដែលលោកធ្លាប់បានប្រាថ្នាទុកមកជាយូរហើយផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលហិរញ្ញវត្ថុរបស់ SpaceX កាលពីខែមុន នាយកប្រតិបត្តិលោក Elon Musk បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SpaceX និង Tesla បានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ។

រឿងនេះបានក្លាយជាប្រធានបទនៃការប៉ាន់ស្មានក្នុងទីផ្សារជាយូរមកហើយ ជាពិសេសបន្ទាប់ពី SpaceX បានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) និងបន្ទាប់ពី Tesla បានដាក់បង្ហាញរថយន្តហោះម៉ូដែល Roadster ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ SpaceX ផ្ទាល់។

តែទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters និងអ្នកជំនាញផ្នែកអភិបាលកិច្ចសាជីវកម្មជាច្រើនជឿជាក់ថា ប្រសិនបើការរួមបញ្ចូលគ្នានេះអាចកើតឡើងមែននោះ លោក Musk អាចនឹងទទួលបានត្រឹមតែផ្នែកតូចមួយប៉ុណ្ណោះនៃកញ្ចប់សំណងតម្លៃ ១ទ្រីលានដុល្លារ ដែលក្រុមហ៊ុន Tesla បានប្រកាសកាលពីឆ្នាំមុន។ ក្រុមប្រឹក្សាភិបាលរបស់ SpaceX ក៏អាចនឹងរៀបចំគោលនយោបាយសំណងរបស់លោក Musk ឡើងវិញផងដែរ ប្រសិនបើកិច្ចព្រមព្រៀងរួមបញ្ចូលគ្នាជាមួយ Tesla ត្រូវបានសម្រេចនោះ។

គួរឲ្យដឹងថា ជុំវិញកញ្ចប់សំណង ១ទ្រីលានដុល្លារ ដែលម្ចាស់ភាគហ៊ុន Tesla បានអនុម័តសម្រាប់លោក Musk នោះ គឺតម្រូវឲ្យមហាសេដ្ឋីរូបនេះសម្រេចបាននូវគោលដៅមួយចំនួនទាក់ទងនឹងតម្លៃមូលធនទីផ្សារ និងលទ្ធផលអាជីវកម្ម ដើម្បីទទួលបានភាគហ៊ុនបន្ថែម ដែលនឹងជួយបង្កើនសិទ្ធិបោះឆ្នោតរបស់លោក នៅក្នុងក្រុមហ៊ុន។

ដោយឡែកចំពោះក្រុមហ៊ុន SpaceX វិញ មុនពេលធ្វើ IPO ក្រុមប្រឹក្សាភិបាលក៏បានផ្តល់ជូនលោក Musk នូវភាគហ៊ុនបន្ថែម (Stock Bonuses) ដែលភ្ជាប់ទៅនឹងគោលដៅនានា ដូចជា ការបង្កើនតម្លៃមូលធនទីផ្សារ ការបញ្ជូនមនុស្សមួយលាននាក់ទៅកាន់ភពអង្គារ និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំសម្បើមនៅក្នុងលំហអាកាស ផងដែរ៕​