រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងបៀវត្សអប្បបរមាសម្រាប់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់មន្ត្រីរាជការ ស្របតាមការវិវត្តនៃសេដ្ឋកិច្ចជាតិ។

យោងតាមសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល លេខ ៣២ សជណ កបច ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ កម្រិតបៀវត្សអប្បបរមាថ្មីដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៧ រួមមាន៖

១. មន្ត្រីរាជការស៊ីវិលទូទៅ នឹងត្រូវដំឡើងពីចំនួន ១ ៣៩៦ ៩៥០ រៀល ក្នុងឆ្នាំ២០២៦ ទៅដល់ប្រមាណ ១ ៤៤៦ ៩៥០ រៀល នៅឆ្នាំ២០២៧។

២. គ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវដំឡើងពីចំនួន ១ ៤៩៦ ៩៥០ រៀល ក្នុងឆ្នាំ២០២៦ ទៅដល់ប្រមាណ ១ ៥២៦ ៩៥០ រៀល នៅឆ្នាំ២០២៧។

៣. នគរបាលជាតិ (ពលបាលត្រី) នឹងត្រូវដំឡើងពីចំនួន ១ ៤៨៣ ៩២៧ រៀល គិតបញ្ចូលទាំងរបបអង្ករ ក្នុងឆ្នាំ២០២៦ ទៅដល់ប្រមាណ ១ ៥៣៣ ៩២៧ រៀល គិតបញ្ចូលទាំងរបបអង្ករ នៅឆ្នាំ២០២៧។

៤. យោធិន (ពលទោ) នឹងត្រូវដំឡើងពីចំនួន ១ ៣៤៦ ៥៥០ រៀល មិនទាន់គិតរបបអង្ករ ក្នុងឆ្នាំ២០២៦ ទៅដល់ប្រមាណ ១ ៣៩៦ ៥៥០ រៀល មិនទាន់គិតរបបអង្ករ នៅឆ្នាំ២០២៧ ហើយបើគិតបញ្ចូលទាំងរបបអង្ករផងនោះ នឹងត្រូវទទួលបានប្រមាណ ១ ៤៥៥ ០២៧ រៀល នៅឆ្នាំ២០២៧។

គួរឱ្យដឹងថា ការកែសម្រួលដំឡើងប្រាក់បៀវត្សនាពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់និងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕


