បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យជាច្រើនរូប បានចេញការព្រមានភ្លាមៗអំពីការស៊ើបអង្កេតទ្រង់ទ្រាយធំលើរដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

លោក Robert Garcia សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ និងជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យរបស់សភាតំណាងរាស្ត្រ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយប្រាប់ឲ្យរដ្ឋបាលលោក ត្រាំ គួរស្វែងរកមេធាវីឲ្យហើយទៅ។
យ៉ាងណាមិញ ជុំវិញសារនេះត្រូវបានបង្ហោះឡើងបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវបានប្រកាស ដែលបង្ហាញថាគណបក្សរបស់លោកទទួលបានសិទ្ធិគ្រប់គ្រងទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ Garcia បានលើកឡើងទៀតថា ប្រសិនបើគណបក្សប្រជាធិបតេយ្យឈ្នះ លោកនឹងដឹកនាំការស៊ើបអង្កេតលើចំណុចមួយចំនួន រួមមាន៖ តួនាទីរបស់មហាសេដ្ឋី Elon Musk នៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE), អាជីវកម្មនានារបស់គ្រួសារលោក ដូណាល់ ត្រាំ, ការចោទប្រកាន់អំពីការរំលោភអំណាចពាក់ព័ន្ធនឹងទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) និងរឿងអាស្រូវដែលពាក់ព័ន្ធនឹងមហាសេដ្ឋី Jeffrey Epstein ដែលជាជនប្រព្រឹត្តអំពើផ្លូវភេទលើអនីតិជន ផងដែរ។
ទន្ទឹមនឹងនេះដែរ សមាជិកសភាតំណាងរាស្ត្ររបស់បក្សប្រជាធិបតេយ្យម្នាក់ទឿត គឺលោកស្រី Delia Ramirez ក៏បានលើកឡើងឈ្មោះមន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលរបស់លោក ត្រាំ ដែលលោកស្រីត្រៀមនឹងកោះហៅមកសភាដើម្បីធ្វើការស៊ើបអង្កេតផងដែរ។
គួរជម្រាបជូនផងដែរថា អស់រយៈពេលជាច្រើនខែមកហើយ ដែលគណបក្សប្រជាធិបតេយ្យ បានត្រៀមខ្លួនសម្រាប់ពេលវេលានេះ ដោយពួកគេបានរៀបចំផែនការស៊ើបអង្កេត និងដាក់សំណើសុំឯកសារផ្សេងៗ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចេញដីកាបង្គាប់ឱ្យចូលខ្លួន នៅពេលដែលពួកគេទទួលបានសិទ្ធិគ្រប់គ្រងគណៈកម្មាធិការនានារបស់សភាជាន់ខ្ពស់ទាំងពីរ៕

