មកដល់ម៉ោងនេះ រដ្ឋាភិបាលបានចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រហូតមកដល់ម៉ោងនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសរុបជាង ៦០០លានដុល្លារអាមេរិកហើយ ក្នុងគោលបំណងទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 នេះបើយោងតាមប្រសាសន៍របស់សម្ដេច​ធិបតី ក្នុងឱកាស អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជា​ពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ កាលព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ដូច្នេះថា៖«រដ្ឋាភិបាលបានចំណាយមកដល់ម៉ោងនេះជាង ៦០០លានដុល្លារហើយ ក្នុងការទប់តម្លៃប្រេង ដើម្បីជួយកាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋ បើទោះបីជាតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលកើនឡើងក៏ដោយ ក៏រដ្ឋាភិបាលបានចេញលុយ និងកាត់បន្ថយពន្ធ ក៏ដូចជាអាករលើក្រុមហ៊ុននាំចូលប្រេង ដើម្បីទប់ស្កាត់កុំឱ្យតម្លៃលក់រាយកើនឡើងខ្ពស់ហួសហេតុ។

សម្តេចបន្ថែមបែបនេះថា៖«តាមការគិតគូរបើសិនជាអត់ជួយទេ គឺតម្លៃម៉ាស៊ូតឡើងលើស ៩០០រៀលក្នុង ១លីត្រ ឯសាំងវិញត្រូវឡើងលើស ៦០០រៀលក្នុង ១លីត្រ»។

សូមជម្រាប់ដែរថា រដ្ឋាភិបាលបានចំណាយជាង ៦០០លានដុល្លារ រួមមាន៖ ការមិនយកពន្ធ ឬកាត់បន្ថយពន្ធនាំចូល និងអាករផ្សេងៗដល់ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ (រួមមានការបញ្ចុះពន្ធនាំចូល និងអាករលើតម្លៃបន្ថែមដល់សូន្យ, បញ្ចុះអាករពិសេស និងអាករលើតម្លៃបន្ថែមលើប្រេងសាំង និងម៉ាស៊ូត)ជាដើម៕ អត្ថបទ៖ហ្សាលីន