ថ្ងៃ២៣តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសអបអរសាទរខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចធិបតីបានកត់សម្គាល់ថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី «ខ្មែរតែមួយ បុព្វហេតុតែមួយ» ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»។

សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស គឺជាការផ្ដើមចេញពីស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្ដេចព្រះបាទនរោត្តម សីហនុ និងស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ប្រទេសបារាំង ក្នុងឆ្នាំ១៩៨៧ ជំនួបនេះ បានក្លាយជាមូលដ្ឋានដែលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងឈានទៅដល់ការសម្រេចបានជោគជ័យក្នុងដំណើរស្វែងរកសុខសន្តិភាពពេញបរិបូរណ៍សម្រាប់កម្ពុជា នាឆ្នាំ១៩៩៨ ក្រោមការអនុវត្ត «នយោបាយឈ្នះ ឈ្នះ»។

គិតមកដល់ថ្ងៃទី២៣ តុលា ឆ្នាំ២០២៣នេះ គឺជាខួប៣២ឆ្នាំនៃស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សា បង្រួបបង្រួមជាតិខ្មែរ របស់ឥស្សរជនទាំងពីររូប គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ដើម្បីស្វែងយល់ពីតម្លៃនៃសុខសន្តិភាព និងសមិទ្ធផលនានាដែលកើតចេញការអភិវឌ្ឍឥតឈប់ឈរមកទល់ពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ហើយការរំលឹកខួបនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសជាសក្ខីភាពបញ្ជាក់ពីការដឹងគុណ និងចងចាំជានិច្ចចំពោះបេសកកម្មដ៏ថ្លៃថ្លាក្នុងការទាមទារ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់ឥរស្សជនទាំងពីរ ។

ក្រៅពីការរំលឹកពីស្នាព្រះហស្ថ និងស្នាដៃដ៏ថ្លៃថ្លារបស់ឥស្សរជនទាំងពីរ គេក៏មិនអាចបំភ្លេចបាននូវការជួយជ្រោមជ្រែងពីមិត្តភក្តិកម្ពុជាទាំងអស់ដែលធ្វើឱ្យកិច្ចព្រមព្រៀងនេះអាចសម្រេចបានដោយជោគជ័យ និងជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការស្វែងរកសុខសន្តិភាពក្រោយពីកម្ពុជាធ្លាក់ក្នុងផ្នក់ភ្លើងសង្រ្គាមអស់ជាងបីទសវត្សរ៍៕