សភា និងរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាកំណត់ទិសដៅ «ថវិកាជាតិឆ្នាំ២០២៧» ជាឧបករណ៍នយោបាយយុទ្ធសាស្ត្រ ដើម្បីការពារអធិបតេយ្យ និងរក្សាលំនឹងសង្គម-សេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសិក្ខាសាលាសភា ស្តីពី «ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា ការរៀបចំថវិកាជាតិមិនត្រឹមតែជាការកំណត់ចំណូល និងចំណាយរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍នយោបាយដ៏មានសារៈសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ ការបែងចែកធនធាន និងការសម្រេចគោលដៅសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព។ លោកបន្តថា វេទិកានេះជាកាលានុវត្តភាពដ៏សំខាន់ក្នុងការបង្កើតកិច្ចសន្ទនា និងបង្កើនអន្តរកម្មរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងដៃគូពាក់ព័ន្ធ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ពីស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច និន្នាការហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបញ្ហាប្រឈមនានា សំដៅធានាឱ្យសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៧ មានមូលដ្ឋានច្បាប់រឹងមាំ និងឆ្លើយតបចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន ៣ រួមមាន៖

ទី១. ការជំរុញប្រសិទ្ធភាព និងតម្លាភាពថវិកា ដើម្បីធានាចីរភាពហិរញ្ញវត្ថុសាធារណៈ

ទី២. ការពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ច ក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះវិបត្តិដែលអាចកើតមានឡើង

ទី៣. ការបំពេញតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ដើម្បីជំរុញសន្ទុះកំណើនជាតិប្រកបដោយចីរភាព។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញទិន្នន័យជាក់ស្តែងផ្អែកលើលទ្ធផលរយៈពេល ៩ខែ ដើមឆ្នាំ២០២៦ ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថានឹងអាចសម្រេចបានកំណើនក្នុងរង្វង់ ៤% ក្នុងឆ្នាំ២០២៦ និងបន្តកើនដល់ ៤,៨% ក្នុងឆ្នាំ២០២៧។ អត្រានេះស្ថិតក្នុងកម្រិតទាបជាងការព្យាករទុក ដោយសារកម្ពុជាបន្តរងសម្ពាធពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការឡើងថ្លៃប្រេងឥន្ធនៈ ,បទល្មើសបច្ចេកវិទ្យា និងបញ្ហាប្រឈមពីការបិទខ្ទប់ច្រកព្រំដែនគោកកម្ពុជា-ថៃ។

ទោះជាយ៉ាងណា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ក្រោមគោលការណ៍ «សង្ឃឹមសម្រាប់ស្ថានភាពប្រសើរ តែត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់»។ ហេតុនេះ គម្រោងថវិកាជាតិឆ្នាំ២០២៧ ត្រូវបានរៀបចំឡើងក្រោមជំហរគោលនយោបាយហិរញ្ញវត្ថុសាធារណៈគាំពារកំណើនចំគោលដៅ ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ឬប្រសិទ្ធនាមថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី, រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់» សំដៅធានានូវសមត្ថភាពឆ្លើយតបគ្រប់ជ្រុងជ្រោយ និងរក្សាចីរភាពហិរញ្ញវត្ថុសាធារណៈយូរអង្វែង។