សហរដ្ឋអាមេរិក ចាយលុយជាង ៤០០ពាន់លានដុល្លារ លើការនាំចូល ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ

សហរដ្ឋអាមេរិកដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើពិភពលោក បានចំណាយទឹកប្រាក់ជាង ៤២៦ពាន់លានដុល្លារលើការនាំចូលនៅក្នុងខែកញ្ញា បើទោះបីជាមានគោលនយោបាយពន្ធគយដ៏ខ្លាំងក្លារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចេញផ្សាយទិន្នន័យមួយដោយបង្ហាញថា ការនាំចូលក្នុងខែកញ្ញាបានកើនឡើង ១,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់កម្រិតខ្ពស់បំផុតចំនួន ៤២៦,៦ពាន់លានដុល្លារ។ ការនាំចេញបានឈានដល់ ៣២១,៥ពាន់លានដុល្លារ ដែលជាការកើនឡើងជិត ២% ធៀបនឹងឆ្នាំមុន។

ជុំវិញចំនួននេះ បានធ្វើឲ្យឱនភាពពាណិជ្ជកម្មបានថយចុះ ០,៧% មកត្រឹម ១០៥ពាន់លានដុល្លារ។ តួលេខនេះគឺទាបជាងការព្យាករចំនួន ១០៨ពាន់លានដុល្លាររបស់ក្រុមអ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាពេលកន្លងមក។

សហរដ្ឋអាមេរិកនៅតែបន្តកត់ត្រាទំហំឱនភាពពាណិជ្ជកម្មទំនិញខ្ពស់បំផុតជាប្រវត្តិសាស្ត្រជាមួយដៃគូសេដ្ឋកិច្ចជាច្រើនដូចជា ម៉ិកស៊ិក តៃវ៉ាន់ កូរ៉េខាងត្បូង និងវៀតណាម បើទោះបីជាមានគោលនយោបាយពន្ធនាំចូលដ៏ខ្លាំងក្លារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដោយ។

ចំពោះការនាំចេញបានកើនឡើងជាចម្បងដោយសារតែការកើនឡើងនៃកុំព្យូទ័រ គ្រឿងបន្លាស់កុំព្យូទ័រ យន្តហោះស៊ីវិល និងគ្រាប់សណ្តែកសៀង។ ការនាំចេញប្រេងឆៅក៏បានកើនឡើង ១,២ពាន់លានដុល្លារផងដែរ ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសនាំច្រើនជាងគេបំផុតនៃផលិតផលនេះ។

គួរជម្រាបជូនថា កាលពីខែមុន ប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកមួយនេះ គឺជាអ្នកនាំចូលច្រើនបំផុតនៃផលិតផលច្រើនប្រភេទដែលបម្រើឲ្យការផ្ទុះឡើងនៃបច្ចេកវិទ្យាបញ្ញាសប្បុត្រនិម្មិត (AI) ដូចជាកុំព្យូទ័រ គ្រឿងបន្លាស់កុំព្យូទ័រ និងសារធាតុសម្រាប់ការផលិតបន្ទះឈីប Semiconductors ផងដែរ៕