លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ

សមាគមឧកញ៉ាកម្ពុជា

នារសៀលថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ដឹកនាំគណៈប្រតិភូ​សមាគមឧកញ៉ាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងបន្តថ្វាយកម្រងផ្កាគោរពព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមរូប ខាងកើតវិមានឯករាជ្យ ក្នុងឱកាសអបអរ​សាទរខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីដ៏មានអត្ថន័យនេះ គឺជាការរំលឹកដល់ព្រះមហាករុណាទិគុណ និងព្រះរាជវីរភាពដ៏ឧត្តុង្គឧត្តមរបស់ «ព្រះបរម​រតនកោដ្ឋ» ដែលបានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហាន និងបូជាព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។

ជាមួយគ្នានេះ ក៏ជាការរំលឹក និងសម្ដែងនូវការដឹងគុណចំពោះវីរភាព និងពលិកម្មដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋខ្មែរ ដែលបានរួបរួមសាមគ្គីគ្នាក្នុងបុព្វហេតុជាតិ ដើម្បីដណ្តើមបានមកវិញនូវឯករាជ្យ សិទ្ធិសេរីភាព អធិបតេយ្យ និងភាពជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ។

សមាគមឧកញ៉ាកម្ពុជា តែងប្រកាន់ខ្ជាប់នូវស្មារតីចងចាំ និងដឹងគុណចំពោះរាល់ការលះបង់ និងពលិកម្មដើម្បី​បុព្វហេតុជាតិ និងប្រជាជន ដោយចាត់ទុកឯករាជ្យជាតិ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់​សម្រាប់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសជាតិ។

សមាគមឧកញ៉ាកម្ពុជា នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាតម្លៃនៃឯករាជ្យជាតិ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរឹងមាំ រីកចម្រើន និងប្រកបដោយចីរភាព។