សមាគមឧកញ៉ាកម្ពុជា ចូលរួមព្រះរាជពិធីប្រទានភ្លើងទៀនជ័យ ក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

សមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមព្រះរាជពិធីប្រទានភ្លើងទៀនជ័យ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣–៩ វិច្ឆិកា ២០២៦) ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការទទួលបានឯករាជ្យពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង យុវជន យុវតី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាអបអរសាទរ និងរំលឹកនូវអត្ថន័យដ៏ជ្រាលជ្រៅនៃទិវាបុណ្យឯករាជ្យជាតិ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជបេសកកម្មទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។

ជាមួយគ្នានេះ ទិវាដ៏មានអត្ថន័យនេះ ក៏ជាឱកាសរំលឹក និងសម្តែងនូវកតញ្ញុតាធម៌ចំពោះវីរភាព និងពលិកម្មដ៏ថ្លៃថ្លារបស់វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានរួបរួមសាមគ្គីគ្នាក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងភាពជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងព្រះរាជពិធីនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការចូលរួមរបស់វិស័យឯកជនជាមួយស្ថាប័នជាតិ និងប្រជាពលរដ្ឋ ក្នុងការចងចាំ និងដឹងគុណចំពោះព្រះរាជបូជនីយកិច្ចរបស់ «ព្រះបរមរតនកោដ្ឋ» ព្រមទាំងការលះបង់របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវឯករាជ្យ អធិបតេយ្យ និងសន្តិភាពសម្រាប់មាតុភូមិកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា បន្តប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ការគោរព និងការដឹងគុណចំពោះបុព្វបុរស ដោយចាត់ទុកឯករាជ្យជាតិ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសជាតិ។

ក្នុងស្មារតីនេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិពាក់ព័ន្ធ ក្នុងការថែរក្សាតម្លៃនៃឯករាជ្យ សន្តិភាព និងស្ថិរភាព ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ រីកចម្រើន និងប្រកបដោយចីរភាព។