ក្រសួងការងារ រៀបចំវេទិកាការងារនៅខេត្តត្បូងឃ្មុំ នាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងដៃគូពាក់ព័ន្ធ នឹងរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ ដោយនាំយកឱកាសការងារសរុបចំនួន ៩០,៨២៤ កន្លែង ជូនដល់ប្រជាពលរដ្ឋ យុវជន និងជាពិសេសអតីតពលករដែលទើបវិលត្រឡប់មកកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាការងារនេះ នឹងបើកទទួលពាក្យ និងរៀបចំការសម្ភាសការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុន-សហគ្រាស ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល នៅតាមទីតាំងគោលដៅចំនួន ៣ រួមមាន៖ ថ្ងៃសុក្រ ទី១៣ វិច្ឆិកា៖ នៅបរិវេណអាហារដ្ឋាន ក្សត្រា, ថ្ងៃសៅរ៍ ទី១៤ វិច្ឆិកា៖ នៅបរិវេណសាលាស្រុកពញាក្រែក, ថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា៖ នៅបរិវេណសាលាស្រុកត្បូងឃ្មុំ។

ក្រោមស្មារតី «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» បងប្អូនអតីតពលករ និងអ្នកស្វែងរកការងារដែលចូលរួមក្នុងកម្មវិធី នឹងទទួលបាននូវការសម្របសម្រួល និងគាំទ្រយ៉ាងយកចិត្តទុកដាក់ រួមមាន៖ សេវារថយន្តក្រុងដឹកជញ្ជូនទៅមក អាហារសម្រន់ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ។

សាធារណជន និងបងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារធ្វើ ឬមានចម្ងល់ផ្សេងៗ អាចទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃ ១២៩៧ (NEA) ឬ ១២៨៦ (ប.ស.ស.) ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម៕