រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ និងការផ្អាកដំណើរការមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកមួយចំនួនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា។

យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី៦ ខែវិច្ឆិកា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ រហូតដល់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើយ។ ជាមួយគ្នានេះ សាឡង់ដឹកខ្សាច់ និងទូកទេសចរណ៍ ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើចរាចរណ៍តាមដងទន្លេសាប និងទន្លេមេគង្គលើនោះដែរ ស្របពេលដែលកំពង់ចម្លងសុខាត្រូវផ្អាកដំណើរការទាំងស្រុង ហើយកំពង់ចម្លងអរិយក្សត្រឆ្លងមករាជធានីភ្នំពេញ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ននៅថ្ងៃទី១៥ ខែវិច្ឆិកា។
ដោយឡែក នៅថ្ងៃទី១៣ ខែវិច្ឆិកា ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី អាជ្ញាធរនឹងហាមឃាត់ការធ្វើចរាចរលើកំណាត់មហាវិថី ព្រះសុរាម្រឹត ចាប់ពីរង្វង់មូលវិមានឯករាជ្យដល់ស្តុបនាគបាញ់ទឹក, កំណាត់មហាវិថី សម្តេចសុធារស ចាប់ពីស្តុបនាគបាញ់ទឹកដល់វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងកំណាត់វិថី ឧកញ៉ា ឈុន ចាប់ពីស្តុបសាលាសន្និសីទចតុមុខដល់ស្តុបរោងដំរី។ បន្ថែមលើនេះ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា កំណាត់មហាវិថី អូស៊ីអាយស៊ី (OCIC) ចាប់ពីរង្វង់មូលអប្សរាដល់រង្វង់មូលនាងទេពមច្ឆា នឹងត្រូវហាមឃាត់ការធ្វើចរាចរ ព្រមទាំងបិទស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបទាំងស្រុងតែម្តង។
វិធានការបញ្ចៀសចរាចរណ៍នេះ ធ្វើឡើងស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនៅទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដែលមានគណៈប្រតិភូជាតិ និងអន្តរជាតិជាន់ខ្ពស់ចូលរួមយ៉ាងច្រើនកុះករ។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមសហការបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកាលបរិច្ឆេទ និងតម្រាយផ្លូវខាងលើ ដើម្បីរួមចំណែកលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ។ ក្រោយផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរណ៍ដំណើរការជាធម្មតាឡើងវិញភ្លាមៗ៕






