ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខនិយាយការពារថា នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang មិនបានដឹងថាស្រ្តីដែលគាត់មានទំនាក់ទំនងស្នេហាជាមួយនោះ ត្រូវបានគេសង្ស័យថាជាចារកម្មរបស់ចិននោះឡើយ។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃទី៩ ខែវិច្ឆិកាថា៖”ខ្ញុំបានសួរគាត់ថា តើអ្នកដឹងទេថាស្រីម្នាក់នោះជាចារកម្ម? គាត់ឆ្លើយតកវិញថា ខ្ញុំពិតជាមិនបានដឹងសោះថាស្ត្រីរូបនោះជាចារកម្ម។ ពិតណាស់ ខ្ញុំជឿជាក់លើគាត់”។
យ៉ាងណាក៏ដោយ មេដឹកនាំសេតវិមានរូបនេះ បានបន្ថែមទៀតថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក (FBI) កំពុងស៊ើបអង្កេតលើករណីនេះហើយ។
គួរឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Nvidia រូបនេះ បានទទួលស្គាល់កាលពីថ្ងៃទី៨ ខែវិច្ឆិកាថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់នោះពិតមែន។ មន្ត្រីអាមេរិកបានកំណត់អត្តសញ្ញាណស្ត្រីរូបនោះ មានឈ្មោះថា Alice Huang ដែលជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ពួកគេសង្ស័យថា Alice Huang បានធ្វើចារកម្មឱ្យប្រទេសចិន។
យ៉ាងណាមិញ លោក Jensen Huang ត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោក ត្រាំ ពាក់ព័ន្ធទៅនឹងគម្រោងវិនិយោគបច្ចេកវិទ្យាធំៗ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ លោក Huang បានបង្ហាញការគាំទ្រជាញឹកញាប់ចំពោះគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ហើយបានក្លាយជាបុគ្គលដែលគេស្គាល់យ៉ាងច្បាស់នៅទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំ ចង់ជំរុញការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់អាមេរិក ខណៈពេលដែលលោក Huang ព្យាយាមបញ្ចុះបញ្ចូលសេតវិមាន ដើម្បីអនុញ្ញាតឲ្យមានការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន ទៅកាន់ទីផ្សារប្រទេសចិន៕

